ខេត្តកណ្តាល៖ បុរសឪពុកកូន២នាក់ បានយកដំបងព្រួតវាយ បុរសម្នាក់ត្រូវជាបងថ្លៃ និងឪពុកមា បណ្តាលឲ្យរងរបួសធ្ងន់ដេកដួលក្នុងថ្លុកឈាម ព្រោះតែមានជម្លោះជាមួយនឹងជនរងគ្រោះបើកសំឡេងវិទ្យុលឺពេករំខានដល់ការដេកពួន។
ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង២១ និង១០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ចំណុចមុខផ្ទះជនរងគ្រោះ ចំហៀងខាងត្បូង ភូមិបឹងជន្លេនឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ។


ជនរងគ្រោះដែលត្រូវប្អូនថ្លៃ និងក្មួយព្រួតរបួសធ្ងន់នេះ មានឈ្មោះលឹម សំអាត ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុ ។ ចំណែក ជនសង្ស័យ ទី១.ឈ្មោះហុង ប៊ុនធឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរ កម្មករសំណង់ (ឃាត់ខ្លួន)។ និងម្នាក់ទៀត ឈ្មោះថៃ ប៊ុនរ៉ុង ភេទប្រុសអាយុ ២០ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរកម្មករលក់គ្រឿងសំណង់ (គេចខ្លួន) ត្រូវជាកូនជនសង្ស័យទី១។


សមត្ថកិច្ច បានឲ្យដឹងថា កន្លងមកជនសង្ស័យ ហុង ប៊ុនធឿន ជាប្អូនថ្លៃជនរងគ្រោះលឹម សំអាត ធ្លាប់មានទំនាស់គ្នា ពីរឿងជនរងគ្រោះ បើក វិទ្យុរំខានការដេកពួន(ផ្ទះជិតគ្នា)។ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ម៉ោង១៧.០០នាទី ជនដៃដល់ឈ្មោះហុង ប៊ុនធឿន បានផឹកស្រានៅ ផ្ទះឈ្មោះចំរើន យុទ្ធ នៅភូមិព្រែកយាយហ៊ិនទី២ ឃុំឫស្សីជ្រោយ ជាមួយឈ្មោះចាន់ណា រហូតដល់ម៉ោង១៩ និង៣០នាទី ជនដៃដល់បានជិះម៉ូតូទៅផ្ទះ រួចក៏ដើរទៅផឹកនៅផ្ទះឈ្មោះទូច បន្តទៀតដែលត្រូវ ជាបងប្អូន រហូតដល់ម៉ោង២១ និង១០នាទី ជនដៃដល់មានភាពស្រវឹងបានដើរមកផ្ទះបង្ករឿងឡូឡា ជាមួយជនរងគ្រោះទៅវិញទៅមក។


ប្រភពបន្តថា នៅពេលនោះជនសង្ស័យឈ្មោះ ថៃ ប៊ុនរ៉ុង ជាកូនបង្កើតជនសង្ស័យឈ្មោះ ហុង ប៊ុនធឿន បានដើរចុះពីលើផ្ទះ មិនដឹងថាមានកាន់អីនោះទេ ចុះបាត់រយៈពេលប្រហែលជា០២នាទី ស្រាប់តែឮសំឡេងជនរងគ្រោះស្រែកអូយៗជួយផង នៅក្រោមជណ្ដើរផ្ទះខ្លួនឯង។ ភ្លាមនោះម្ដាយជនសង្ស័យឈ្មោះ ថៃ
ប៊ុនរ៉ុង ក៏ចុះមកដីឃើញជនរងគ្រោះមានរបួសហូរឈាមដេកដួលនៅកន្លែងកើតហេតុ ហើយមិនហ៊ានមើលក៏ដើរត្រឡប់មកផ្ទះវិញ ។ ចំណែកជនសង្ស័យឈ្មោះថៃ ប៊ុនរ៉ុង (ត្រូវជាកូន)បានគេចខ្លួនមិនចូលផ្ទះបាត់ទាំងយប់តែម្តង។


ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ និងជំនាញស្រុក បានចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យឈ្មោះហុង ប៊ុនធឿន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ តែជនសង្ស័យឆ្លើយថាខ្លួនស្រវឹងស្រាអត់ដឹងទេ ។ រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្នំពេញ ។
ជនសង្ស័យឈ្មោះហុង ប៊ុនធឿន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមច្បាប់ ចំណែក ជនសង្ស័យឈ្មោះថៃ ប៊ុនរ៉ុង ដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងតាមប្រមាញ់នាំមកផ្តន្ទាទោសតាមច្បាប់។