ខេត្តព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរណ៍បុករះនៅក្រុងព្រះសីហនុ ម៉ោងជាង៩ព្រឹក មុននេះ នៅផ្លូវឃ្លាំងលើ ម្តុំជិតចូលសាលាសង្កាត់លេខ១ ក្រុងព្រះសីហនុ បណ្តាលឲ្យមនុស្សចំនួន២នាក់ រងរបួសធ្ងន់ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។


មន្ត្រីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តដឹកថ្ម ១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-0778 ជាកម្មសិទ្ធិក្រុមហ៊ុន R ( អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ )។ មុនពេលកើតហេតុ រថយន្តបង្ក បានបើកបរមានទិសដៅចូលក្រុងព្រះសីហនុ ក្នុងល្បឿនលឿន លុះដល់ចំណុចខាងលើខ្វះការប្រុងប្រយ័ត្ន បានបុករុញពីខាងក្រោយរថយន្តចំនួន០២គ្រឿងពីក្រោយ។

រថយន្តទី១ ម៉ាក TACOMA ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-4838 អ្នកបើកបរឈ្មោះ ឈុន ចេង ភេទ ប្រុស អាយុ ៥៥ឆ្នាំ មុខរបរ សិប្បកម្មកាត់កញ្ចក់ មានទីលំនៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានអ្នករួមដំណើរចំនួន ២នាក់អង្គុយខាងក្រោយ ។


និងរថយន្តទី២ ម៉ាក IZUZU ពណ៌ ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 2A-8409 ដឹកទឹកសុទ្ធច័ន្ទរះ អ្នកបើកបរឈ្មោះសឿ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពបន្តថា ក្នុងហេតុការណ៍នេះ បណ្តាលឲ្យរងរបួសមនុស្សចំនួន២នាក់ រងរបួស ទី១-ឈ្មោះណៃ ចិន្ដា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ស្រុកទឹកឈូ ខេត្តកំពត រងរបួសធ្ងន់ និងទី២-ឈ្មោះលិ ប៊ុនថេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ស្រុកទឹកឈូ ខេត្តកំពត រងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាពឃ្លាំងលើ ។ រីឯរថយន្តពាក់ព័ន្ធចំនួន៣គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការវាស់វែង និងកំណត់ហេតុ យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕