ខេត្តសៀមរាប ៖ កម្លាំងនគរបាលក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ក្រាបសម្បុកចោរប្លន់ ដ៏សកម្មក្នុងក្រុងសៀមរាប ឃាត់ខ្លួនមេខ្លោងបាន២នាក់ ដកហូតអាវុធខ្លី១ដើម រួមនិងវត្ថុតាងមួយចំនួនទៀតផងដែរ។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុចខាងត្បូងរង្វង់មូលវត្តដំណាក់ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបក្រុមចោរប្លន់នេះ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់៖ ទី១-ឈ្មោះអុល រ៉ាត់ ហៅក្រៅអាញ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរពុំពិតប្រាកដ ស្រុកកំណើតភូមិបឹងដូនប៉ា ឃុំស្លក្រាម ក្រុង/ខេត្តសៀមរាប។ សព្វថ្ងៃ មានទីលំនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ និងទី២-ឈ្មោះហាច ហ៊ូន ហៅហ៊ូន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរពុំពិតប្រាកដ ស្រុកកំណើតភូមិរោងគោ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ សព្វថ្ងៃ មានទីលំនៅស្នាក់នៅបន្ទប់ជួលភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។


ប្រភពន្តថា សមត្ថកិច្ចដកហូត ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១W-៣៦២១ , កាំភ្លើងខ្លីម៉ាកK៥៤ លេខ៥៥០០៣០៣៨ បង់ចំនួន០១ គ្រាប់ចំនួន០៥គ្រាប់ ,ក្បាលគ្រាប់សោកាច់កម៉ូតូចំនួន០៣គ្រាប់ និងដងកាច់សោរចំនួន០២ ,សោម៉ាឡែតលេខ៨ ប្រវែង២០មីលីម៉ែត្រចំនួន០១ ,កូនសោចំនួន០៣គ្រាប់ ,សោមួយឈុត , បាឡុងសម្រាបប់មួលស្លាកលេខម៉ូតូចំនួន០៤គ្រាប់ , កាំបិតច្នែឆ្កឹះសោដង ពណ៌លឿងចំនួន០២ និងអត់ដងចំនួន០១ , ម្ជុលខ្ទាស់សម្រាប់តខ្សែភ្លើងចំនួន០៥ , គ្រាប់ឆក់សម្រាប់បើកគម្រប់សោម៉ូតូចំនួន០៣គ្រាប់ , ទួរណឺវីសដងជ័រចំនួន០១ , សៀវភៅកត់លេខទូរស័ព្ទចំនួន០១ , ផ្លែឡាមសម្រាប់ជៀរខ្សែភ្លើងចំនួន០១ និងកូនកាបូបដាក់ប្រាក់ ពណ៌លឿងចំនួន០១។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ អុល រ៉ាត់ បានសារភាពថា ខ្លួនធ្លាប់ពន្ធនាគារពីបទលួច(ម៉ូទ័របូមទឹក) ហើយចេញពីពន្ធនាគារក្នុងឆ្នាំ២០១៥។ ក្រោយមកខ្លួនបានស្គាល់ជនសង្ស័យឈ្មោះ វ៉ា ភេទប្រុស អាយុ អាយុប្រហែល៤០ឆ្នាំ ហើយឈ្មោះ វ៉ា បានឲ្យខ្លួនដើរលួចម៉ូតូកាច់សោ.កម៉ូតូ យកទៅលក់ឲ្យឈ្មោះ វ៉ា ហើយឈ្មោះ វ៉ា ថែមទាំងបានឲ្យសម្ភារៈមួយចំនួនសម្រាប់ធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូមានដូចជា៖ ក្បាលសោកាច់, ដងសោកាច់, កូនសោក្បាលគ្រាប់កាច់, សោម៉ាឡែត។ ហើយម៉ូតូស៊េរីឆ្នាំ២០១៦ តម្លៃ៥០០ដុល្លារ, ម៉ូតូស៊េរីឆ្នាំ២០១៧ តម្លៃ៦០០ដុល្លារ, ម៉ូតូស៊េរីឆ្នាំ២០១៨ ឆ្នាំ២០១៩ តម្លៃ៨០០ដុល្លារ, ម៉ូតូZoomerX តម្លៃ៥០០ដុល្លារ កន្លងមកខ្លួនបានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូក្នុងក្រុងសៀមរាប បានចំនួនប្រហែលប្រាំមួយគ្រឿង។ ចំណែកកាំភ្លើងខ្លីម៉ាកK៥៤ លេខ៥៥០០៣០៣៨ ខ្លួនទិញពីឈ្មោះ វ៉ា តម្លៃ៥០០ដុល្លារ។


ចំណែកជនសង្ស័យឈ្មោះ ហាច ហួន ហៅឡាម បានសារភាពថា ខ្លួនធ្លាប់ជាប់ពន្ធនាគារ កាលពីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៩ ពីបទលួចកាច់សោ.កម៉ូតូ ហើយចេញពីពន្ធនាគារ ខែសីហា ឆ្នាំ២០១៩។ កន្លងមក កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២៣និង០០នាទី នៅចំណុចមុខវត្តកេសរ៉ារាម ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ខ្លួននិងឈ្មោះ អុល រ៉ាត់ បានធ្វើសកម្មភាពកាច់សោ.កម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាZoomerX ពណ៌ក្រហម បិទស្គត់ខ្មៅ ផលិតឆ្នាំ២០១៨ ហើយយកទៅលក់ឲ្យឈ្មោ វ៉ា បានតម្លៃ៥០០ដុល្លារ។ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២៣ និង៣០នាទី នៅចំណុចភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ខ្លួននឹងបក្ខពួក បានធ្វើសកម្មភាពកាច់សោ.កម៉ូតូ០១គ្រឿងម៉ាកហុងដាឃ្លីក ពណ៌សលាយខ្មៅ ផលិតឆ្នាំ២០១៩។ ជាក់ស្តែងនៅវេលាម៉ោងប្រហែលជាងពីរទាបភ្លឺ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ខ្លួននិងឈ្មោះ អុល រ៉ាត់ បានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១W-៣៦២១ បម្រុងងធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូបន្ត តែត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។
ជនសង្ស័យទាំង២នាក់ ត្រូវកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕