ភ្នំពេញ ៖ តុលាការ​កំពូល​សម្រេច​តម្កល់​ទោស​គ្រូពេទ្យ ចម្លង​អេ​ដស៍ នៅ​ឃុំ​រកា ខេត្តបាត់ដំបង ដាក់​ពន្ធនាគារ ២៥​ឆ្នាំ ដដែល ដោយ​តុលាការ​កំពូល​ក៏​បាន​សម្រេច ប្រកាស​ពី​បិទផ្លូវ​តវ៉ា កាលពី​ថ្ងៃ​ទី​៤ តុលា ២០១៩ ។

តុលាការ​កំពូល​បាន​ប្រកាស​ថា សំណុំរឿង​បណ្តឹង​សារទុក្ខ​របស់​ទណ្ឌិត​ជា​គ្រូពេទ្យ ឈ្មោះ យ៉ែ​ម ជ្រិ​ន ដែល​បាន​ចាក់​ថ្នាំ ធ្វើ​ឲ្យ​អ្នក​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង ប្រមាណ​១២២​នាក់ ឆ្លង​មេរោគ​អេ​ដស៍ គឺ​មិន​ត្រូវ​បាន​តុលាការ​កំពូល​យល់ព្រម​ឲ្យ​បន្ធូរ​ប​ន្ថោ​យ​ទោស​នោះ​ទេ ពោល​គឺ​នៅ​រក្សា​ទោស​ដាក់​ពន្ធនាគារ​កំណត់​២៥​ឆ្នាំ​ដដែល តាម​ការ​សម្រេច​របស់​សាលាដំបូង​ខេត្តបាត់ដំបង ។

ការ​ប្រកាស​របស់​តុលាការ​កំពូល​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ទណ្ឌិត​រូប​នេះ បាន​ប្តឹង​ឧទ្ធរណ៍​មក​សាលាឧទ្ធរណ៍ ប៉ុន្តែ​សាលាឧទ្ធរណ៍ កាល​នៅ​ថ្ងៃ​ទី​១៧ សីហា បាន​រក្សា​ទោស​នេះ​ឲ្យ​នៅ​ដដែល ។

សូម​ជម្រាប​ថា នៅ​ក្នុង​អង្គ​សវនាការ​សាលា​កំពូល កាលពី​ថ្ងៃ​ទី ២០ កញ្ញា ២០១៩ ដែល​មាន​វត្តមាន​លោក​ចៅក្រម និល ណុ​ន ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​មាន​លោក ឌុ​ច​គឹ​ម សន ជា​តំណាង​មហាអយ្យការ​នោះ ជនជាប់ចោទ ឈ្មោះ យ៉ែ​ម ជ្រិ​ន បាន​ឆ្លើយ​ប្រាប់​ចៅក្រម​ថា ការ​ដែល​គាត់​ដើរ​ចាក់​ថ្នាំ​ហើយ​ចម្លង​មេរោគ​អេ​ដស៍ ទៅ​ពលរដ្ឋ​បណ្តាល​ឲ្យ​ស្លាប់​នោះ គឺ​គាត់​គ្មាន​ចេតនា​នោះ​ទេ ។ លោក ញ៉ែ​ម ជ្រិ​ន ថា ៖ ខ្ញុំ​មិន​មាន​ចេតនា ធ្វើ​បែប​ហ្នឹង​ទេ ខ្ញុំ​សូម​តុលាការ​បន្ថយទោស​ដល់​ខ្ញុំ​ផង ។

លោក សំ ចំរើន ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ ថ្លែង​ការពារ​កូនក្តី​របស់​លោក​ថា ពាក់ព័ន្ធ​ករណី​ឈ្មោះ យ៉ែ​ម ជ្រិ​ន នេះ លោក​យល់​ឃើញ​ថា គាត់​ពិតជា​បាន​សាង​នូវ​កំហុស​បណ្តាល​ឲ្យ​អ្នក​ភូមិ​រកា​ស្លាប់ ដោយសារ​ជំងឺអេដស៍​ប្រាកដ​មែន​ប៉ុន្តែ​ទ​ង្វើ​របស់​កូនក្តី​លោក​នោះ គឺជា​កំហុស​ដោយ​អ​ចេតនា​ទេ ។

លោក បញ្ជាក់​ប្រាប់​ក្នុង​អង្គ​សវនាការ​ថា បញ្ហា​នេះ​ដោយសារ​កូនក្តី​លោក​មិន​បាន​គិតដល់ ហើយ​កាលពី​ពេល​នោះ​ប្រសិនបើ​មាន​ខាង​មន្ទីរ​សុខាភិបាល​ចុះ​ទៅ​ពិនិត្យ​ណែនាំ​ឲ្យ​បាន​ដិត​ដល់​នោះ​ប្រហែលជា​កូនក្តី​របស់​លោក​មិន​បាន​ជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ​ដែរ ។ លោក​ថា ៖ ខ្ញុំ​សុំ​ឲ្យ​តុលាការ​កំពូល​បន្ធូរ​បន្ថយទោស​ដល់​កូនក្តី​ខ្ញុំ​ព្រោះ​រឿង​នេះ​កើតឡើង​ដោយ​អ​ចេតនា​ទេ​។ ម្យ៉ាង​ក៏​ជា​ផលវិបាក​សង្គម​ដែរ ប្រសិនបើ​មាន​ស្ថាប័ន​ចុះ​ទៅ​ទប់ស្កាត់​មុន​នោះ​ប្រហែលជា​កូនក្តី​ខ្ញុំ​មិន​បាន​បង្កើត​នូវ​កំហុស​ដែល​បណ្តាល​ឲ្យ​គាត់​មានទោស​ច្រើន​ដែរ ។

សូម​រម្លឹក​ថា សាលាដំបូង​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៥ បាន​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង គ្រូពេទ្យ ដែល​ចាក់​ថ្នាំ​ចម្លងរោគ​អេ​ដស៍ ដល់​អ្នក​ភូមិ​រកា ដោយ​សម្រេច​ដាក់​ពន្ធនាគារ​កំណត់​២៥​ឆ្នាំ ពី​បទ​ការ​ប្រព្រឹត្ត​ចម្លង​មេរោគ​អេ​ដស៍​ទៅ​អ្នក​ដទៃ និង​ពិន័យ​ប្រាក់​ឱ្យ បង់​ចូល​ថវិការដ្ឋ​ចំនួន​៥​លាន​រៀល ​។

នៅ​ក្នុង​សវនាការ​នោះ ជនជាប់ចោទ យ៉ែ​ម ជ្រិ​ន បាន​ឆ្លើយ​សារភាព​ថា កន្លែង​ពិនិត្យ​សុខភាព របស់​គាត់​គឺ​ពុំ​មាន​សុំ​ច្បាប់​អនុញ្ញាត​នោះ​ទេ ហើយ​ជនជាប់ចោទ គឺ​គ្រាន់តែ​ចេះ​ចាក់​ថ្នាំ បន្តិចបន្តួច ប៉ុណ្ណោះ​ ។ ការព្យាបាល អ្នក​ភូមិ​គឺ​ដោយសារ​តែ ជនជាប់ចោទ មានការ​អាណិត បាន​កំរៃ​តិចតួច ក៏​ចេះតែ​ព្យាបាល​ចាក់​ថ្នាំ អ្នក​ភូមិ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ដោយ​ប្រើ ម្ជុល​រួម​គ្នា ​ដោយសារ​តែ​មិន​មាន​ម្ជុល​ច្រើន​ ៕