ភ្នំពេញ ៖ យោងតាមគណនីហ្វេសប៊ុករបស់លោកផែង វណ្ណៈ បានបង្ហោះកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ មានខ្លឹមសារថា «បែកធ្លាយ វីដេអូ ប៉េអឹមខេត្តកំពង់ឆ្នាំង ជំរិតយកលុយគេ។ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចាប់ឡានអត់ពន្ធជំរិតយកលុយគេ ៥០០០ដុល្លារ ទើបដោះលែង មានវីដេអូ ប្រគល់ទទួលលុយ ។

ប្រជាជនម្នាក់ដែលជិះរថយន្ត Lexus RX 330 ពណ៌ស អត់ពន្ធ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចាប់ឃាត់កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ កន្លងមក ជំរិតទារប្រាក់៥០០០ដុល្លារ ទើបដោះលែង ។ ម្ចាស់រថយន្តបានឲ្យដឹងថា គ្រួសារគាត់បានយកលុយចំនួន៥០០០ដុល្លារ ទៅអោយឈ្មោះឡុន ឡន យកទៅអោយលោកលឹម ហាក់ ។ លុះពេលលោក លឹម ហាក់ ទទួលបានលុយហើយ ទើបដោះលែងម្ចាស់រថយន្ត និងរថយន្តវិញ ។
ដោយរងការឈឺចាប់ ម្ចាស់រថយន្តបានថតវីដេអូ ពេលប្រគល់លុយទុកជាភស្តុតាង ដើម្បីទុកប្ដឹងអំពីហេតុការណ៍ចាប់ជំរិតនេះ ។

បញ្ជាក់ បន្ទាប់មករថយន្ដអត់ពន្ធនោះ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងឈ្មោះ ម៉ៅ ទិញយកទៅប្រើតែម្ដង »។
ជុំវិញនឹងការចោទប្រកាន់ខាងលើនេះ «KBN» មិនដឹងថា មានការពិតកម្រិតណាទេ ព្រោះមិនអាចសុំការបកស្រាយពីមន្ត្រីប៉េអឹមខេត្តកំពង់ឆ្នាំង បាននៅឡើយ តែយ៉ាងណា យើងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕