ភ្នំពេញ៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា សុខភាពប្រជាពលរដ្ឋ សាខាកាំកុងត្រូលខេត្តស្ទឹងត្រែងដឹកនាំដោយលោក យូ ចំរើន អនុប្រធានសាខា សហការណ៍ជាមួយមន្ទីរពាណិជ្ជកម្មខេត្តនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញនៅផ្សារសាមគ្គី ស្ថិតនៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

លទ្ធផលរកឃើញទំនិញហួសកាលបរិច្ឆេទចំនួន ៥មុខ។លោក យូ ចំរើន អនុប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការចុះអង្កេតសុវត្ថិភាពទំនិញ នៅផ្សារសាមគ្គីក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ខាងលើ រួចមកក្រុមការងារបានរកឃើញទំនិញហួសកាលបរិច្ឆេទ និងខូចគុណចំនួន៥មុខ រួមមាន៖ ប្រហិតសាច់មាន់ចំនួន 1kg, ផ្សិតកំប៉ុងចំនួន 1កំប៉ុង, ពោត កំប៉ុងចំនួន 2កំប៉ុង, នំស្នូលសណ្តែក 1កញ្ចប់, គ្រឿងតុងយាំចំនួន 3កញ្ចប់ ក្រុមការងារបានធ្វើកំណត់ ដកហូតយកដុតកម្ទេចចោល។

ជាមួយគ្នានេះដែរ មន្រ្តីកាំកុងត្រូល ក៏បានអំពាវនាវដល់អាជីវករទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឱ្យបានម៉តចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ និងទិញទំនិញម្ហូបអាហារទទួលទានដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕