ខេត្តកំពត ៖ យុវជន​ម្នាក់​ឈ្លក់ទឹក​ស្លាប់ ដោយសារ​បើករថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង បាន​ជ្រុល​ធ្លាក់​ផ្លូវ ចូល​ស្នាមភ្លោះ​ដែល​មានទឹក នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ព្រែក​អម្ពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ត្រង់​ចំណុច​ផ្លូវ​កោង​មុខ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មូលដ្ឋាន ។

ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​មានឈ្មោះ នួន ច​ន្ទ្រា អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប មក​ស្នាក់​នៅ​ភូមិ​គីឡូ​ដប់​ពីរ ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត ។

បើ​តាម​ស​ក្សី​នៅ​កន្លែង​កើតហេតុ ប្រាប់​អោយ​ថា មុន​កើតហេតុ គេ​ឃើញ​រថយន្ត​ប្រភេទ​បែន​ដឹក​ដី​មួយ​គ្រឿង បើក​មក​ពី​ទិស​ខាងកើត ក្នុង​ល្បឿន​យ៉ាង​លឿន ។ លុះដល់​ចំណុច​ផ្លូវ​កោង រថយន្ត​ក៏​បាន​ជ្រុល​ធ្លាក់​ក្នុង​ស្នាមភ្លោះ​ដែល​មានទឹក រួច​ស្ងាត់​ស្នូរ​ឈឹង ។ ភ្លាម​ៗ អ្នក​ជិតខាង​បាន​ចូល​ទៅ​ជួយ​ដែរ តែ​ដោយ​ស្ថានភាព​ពិបាក​ទើប​អូស​បន្លាយពេល​យូរ​បណ្តាល​ឱ្យ​អ្នកបើកបរ​ឈ្លក់ទឹក​ស្លាប់​តែ​ម្តង ។

ប្រភព​ដដែល បាន​បញ្ជាក់​ថា អ្នកបើកបរ​រថយន្ត​រូប​នោះ​ស្ថិត​ក្នុង​សភាព​ស្រវឹង​ខ្លាំង ៕