ខេត្តព្រះសីហនុ ៖ ក្រោយពីមានករណីករណីឃាតកម្មដ៏សាហាវបាញ់សម្លាប់ប្រុសជនជាតិចិន រួចទម្លាក់ចេញពីរថយន្ត នៅកណ្តាលព្រះសីហនុ។ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកធ្វើការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានដល់ឃាត់ជនសង្ស័យប្រុសស្រី២នាក់ ជាជនជាតិចិន នាំមកសាកសួរ វេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចរង្វង់មូលតោ២ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ខណៈដែលជនសង្ស័យ២នាក់ទៀតជាបក្ខពួកកំពុងរត់គេចខ្លួន។


សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបាន កុ្នងករណីមនុស្សឃាតនេះ ទី១-ឈ្មោះ DU QIANG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន(គ្មាន) ស្នាក់នៅ មិនពិតប្រាកដ ។ ទី២-ឈ្មោះ CHEN MI XIANG ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិក KTV លិខិតឆ្លងដែន(គ្មាន) ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ សមត្ថកិច្ច វត្ថុតាងចាប់យកបានរួមមាន ៖ សំបកគ្រាប់ចំនួន២គ្រាប់ ប្រភេទ ៩mm (នៅក្នុងរថយន្ត), គ្រាប់កាំភ្លើងចំនួន២គ្រាប់ ប្រភេទ ៩mm (នៅក្នុងរថយន្ត), ម្សៅក្រាម ពណ៌ស ២កញ្ចប់តូច សង្ស័យជាសារធាតុញៀន (នៅក្នុងរថយន្ត), រថយន្តម៉ាក Mitsubishi ពណ៌ប្រផេះ ពាក់ស្លាកលេខៈ ភ្នំពេញ 2AJ-8653 ។


ចំណែក ជនរងគ្រោះឈ្មោះ WU QINGWEI ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវជនសង្ស័យបាញ់ចំនួន២គ្រាប់ (មួយគ្រាប់ចំកំភួនជើងខាងស្តាំធ្លាយ និងមួយគ្រាប់ទៀតចំលើដោះខាងឆ្វេងធ្លាយ ) ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាពចាប់ជំរិតចំនួន២ករណីមកហើយ។ ករណីទី១ ធ្វើនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២៣:៥០ នាទី ពួកគេទាំង៣នាក់ បានធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ នៅក្នុងហាងលក់ខោអាវយីហោរ ហូលីវ៉ូត ដែលមានទីតាំងស្ថិតនៅមហោ ស្រពចាស់ ស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ហើយពួកវាបានចាប់ចងដៃជនរងគ្រោះ ជាជនជាតិចិន ភេទស្រី មកខាង ក្រោយដោយប្រើខ្សែរិត(ស៊ីល) និងបានយកខ្សែក្រវាត់ ព្រមទាំង ក្រណាត់ទៅចងមាត់ជនរងគ្រោះកុំអោយស្រែក រួចយកទៅឃុំទុកនៅជាន់ទី៣ យកលុយអស់ចំនួន ២,០០០$ រួចគេចខ្លួន ។


និងករណីទី២: នៅថ្ងៃទី០៦.១០.២០១៩ វេលាម៉ោង៧:៣០នាទី ពួកវាទាំង៣នាក់ដដែល បានណាត់ជនជាតិចិនម្នាក់ (ជនរងគ្រោះដែលបានស្លាប់) មកជួបក្នុងគោលបំណងចាប់ជំរិត លុះពេលជន រងគ្រោះចូលដល់ក្នុងរថយន្ត ពួកវាក៏យកកាំភ្លើងខ្លីភ្ជង់ជនរងគ្រោះ មិនអោយកំរើក តែដោយជនរងគ្រោះរើបំរាស់ខ្លាំងពេក ពួកវាក៏បាញ់ជនរងគ្រោះ ១គ្រាប់ ចំកំភួនជើងខាងស្តាំធ្លាយ ពេលនោះជនរងគ្រោះរឹតតែរើបំរាស់ខ្លាំងឡើងថែមទៀត ទើបពួកវាបាញ់ជនរងគ្រោះ ១គ្រាប់ទៀត ចំលើដោះខាងឆ្វេងធ្លាយ បណ្តាលអោយស្លាប់នៅក្នុងរថយន្ត ។ បន្ទាប់មកពួកវាបានទម្លាក់សពជនរងគ្រោះចោលតាមផ្លូវ រួចបើករថយន្តគេចខ្លួន ដល់ចំណុចផ្លូវចូលវត្តក្រោម ក៏ប្លុងទុករថយន្តចោលនៅទីនោះ រួចចែកផ្លូវគ្នារត់គេចរៀងៗខ្លួន ។


ចំពោះករណីនេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងបន្តនីតិវិធីបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់ ។ ចំណែក បក្ខពួក២នាក់ទៀត សមត្ថកិច្ចកំពុងតាមប្រមាញ់នាំមកផ្តន្ទាទោសតាមច្បាប់៕