ភ្នំពេញ ៖ ប្ដីប្រពន្ធ និងកូន២នាក់ ជិះម៉ូតូមួយគ្រឿងត្រូវរថយន្តដឹកដីមកបុកពេញទំហឹង បោកផ្ទប់នឹងរថយន្តដឹកគ្រឿងចក្រ បណ្ដាលឲ្យបុរសជាប្ដី បាត់បង់ជីវិតក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ និងប្រពន្ធកូនរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ នៅ ចំណុចរង្វង់មូលខាងលិច វិមានឈ្នះឈ្នះ តាមមហាវិថីឈ្នះឈ្នះ ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។


ជនរងគ្រោះមានទី១ឈ្មោះ ពុធ សុធារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជាបុគ្គលិកនៅសណ្ឋាគារសុខា (ជាប្ដី ស្លាប់) , ២.ឈ្មោះ តេង រតនា ភេទស្រី អាយុ២៩ឆ្នាំ (ប្រពន្ធ) ,៣.ពុធ ស៊ីណារ៉ាត់ ភេទប្រុស អាយុ៧ឆ្នាំ និង៤.ឈ្មោះ ពុធ ស៊ុលីហ្សា អាយុឆ្នាំ៦ឆ្នាំ រងរបួសធ្ងន់ ។ អ្នកទាំង៤នាក់ ជាឪពុកម្តាយនិងកូន ស្នាក់នៅភូមិខ្ទរសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។


មុនពេលកើតហេតុ ជនរងគ្រោះ ជិះម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1BK-2132 ឌុបប្រពន្ធនិងកូន២នាក់ ធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីកើតទៅលិច ស្របជាមួយរថយន្តដឹកគ្រឿងចក្រមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3D-7972 ។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តដឹកដី ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ដែលមានលេខសំគាល់ K.23 ពាក់ស្លាកលេខ ភ្នំពេញ3D-3351 បើកជែង ហើយទៅបុកម៉ូតូបោកផ្ទប់នឹងរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកគ្រឿងចក្រនោះ បណ្ដាលឲ្យរងរបួសធ្ងន់ទាំង៤នាក់។


ក្រោយពេលកើតហេតុ អ្នកបើកបរបានរត់គេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះឪពុកម្ដាយ ត្រូវបានបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ រីឯកូនៗត្រូវបញ្ជូនសង្រ្គោះនៅគន្ធបុប្ផា ។ ប៉ុន្តែបុរសជាប្ដី បានបាត់បង់ជីវិតក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ៕