ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងមានការសម្របសម្រួលនិតិវិធីច្បាប់ពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងខេត្តសាលាដំបូងខេត្ត បានចុះបង្ក្រាប និងរំដោះជនរងគ្រោះជនជាតិចិនចំនួន១០នាក់ (ជនរងគ្រោះ) ដែលត្រូវជនជាតិចិនដូចគ្នា ចាប់ជំរិតទាប្រាក់ដោយប្រើអំពើហិង្ស ធ្វើទារុណកម្មយ៉ាងសាហាវជាទៅបំផុត។

លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងនៅក្នុងបុរីមួយកន្លែង ស្ថិតក្រុម១២ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ហើយសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន៧នាក់ ជាជនជាតិចិន ព្រមទាំងដកហូត ទូរស័ព្ទ០៦គ្រឿង , ខ្នោះដៃចំនួន១០ ,ខ្នោះជើងចំនួន៤ , ស្រោមខ្នោះចំនួន៤ ,ក្រណាត់រំមុខចំនួន២ , កាំបិតបុ័ងតោចំនួន១ , កំប៉ុងហ្គាស់ចំនួន២៥ , លិខិតឆ្លងដែនចំនួន១
, កិច្ចសន្យាជួលផ្ទះចំនួន១ ,អត្តសញ្ញាណប័ណ្ណជនជាតិចិនចំនួន១ច្បាប់។


បច្ចុប្បន្នជនរងគ្រោះបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ រីឯជនសង្ស័យ និងវត្ថុតាំងបញ្ជូនទៅអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕