ខេត្តរតនគិរី៖ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ បានដឹកនាំកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្ត ជាច្រើនរូប ទៅគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក ផន ទុំ ដែលទទួលមរណភាពដោយអំពើឃាតកម្ម នឹងបំពាក់ឋានន្តរសក្តិថ្នាក់វរសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណ: ព្រមទាំងនាំយកថវិការចំនួន១០លានរៀល ក្នុងនោះថវិកាសមាគមមិត្តនគរបាលជាតិ ចំនួន៦លានរៀល និងថវិការបស់ស្នងការដ្ឋានខេត្ត ចំនួន៤លានរៀល ប្រគល់ជូនដល់ក្រុមគ្រួសារសព នៅគេហដ្ឋានសពក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

លោកផន ទុំ ជាមន្ដ្រីនគរបាលពាក់ស័ក្កិ៣ មានតួនាទីជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ត្រូវជនដៃដល់ឈ្មោះ នួន មករា ភេទប្រុស អាយុ៣១ឆ្នាំ ជាមន្ដ្រីនគរបាលពាក់ស័ក្កិ២ នៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ជាមិត្តភក្តិនឹងគ្នា បើករថយន្តម៉ាក NISSAN ពណ៌ស ពាក់ស្លាកលេខ 2N-5011 មកឈប់មុខហាងកាហ្វេមួយកន្លែង ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ហើយចុះដើរតម្រង់ទៅរកជនរងគ្រោះដែលកំពុងអង្គុយផឹកកាហ្វេនៅក្នុងហាងនោះ ដកកាំភ្លើងខ្លីបាញ់ជនរងគ្រោះចំក្បាល បណ្ដាលឲ្យជនរងគ្រោះ ដួលធ្លាក់ពីលើកៅអីប្រកាច់ស្លាប់ក្នុងថ្លុកឈាម នៅវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ រួចឡើងរថយន្តបើកចេញអង្គុយផឹកស្រាសញ្ជឹងសញ្ជប់តែម្នាក់ឯង នៅផែរមនីយដ្ឋានបឹងយក្សឡោម ក្រុងបានលុង រហូតដល់ម៉ោង១០និង៤៥នាទីព្រឹកថ្ងៃដដែល ត្រូវកម្លាំងសមត្ថកិច្ចតាមទៅចាប់ខ្លួនបាន (ក្រោយធ្វើសកម្មភាព ក្នុងរយ:ពេលជាង១ម៉ោង) បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសួរនាំ។

ជនដៃដល់ជាឃាតករ និងជាមិត្តភក្តិនឹងគ្នា បានសារភាពថា មន្រ្តីនគរបាលជាជនរងគ្រោះយកប្រពន្ធខ្លួនហើយ វាយធ្វើបាបនាងទៀត ខ្លួនទ្រាំមិនបានក៍សម្រេចចិត្តជិះរថយន្តទៅបាញ់សម្លាប់ដល់ហាងកាហ្វេតែម្ដង៕