ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៥ ខែតុលានេះ បានចេញសេចក្តីជូនដំណឹងពីបញ្ហាអាកាសធាតុនៅកម្ពុជាដោយ បញ្ជាក់ថា ចាប់ពីថ្ងៃទី៥ តុលា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ភ្លៀងបន្តធ្លាក់ពីតិចទៅបង្គួរ និងអំពាវនាវឲ្យបងប្អូនប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួងធនធានទឹកឲ្យដឹងបន្ថែមថា កម្រិតសម្ពាធទាប នៅតែបន្តគ្របដណ្តប់លើកម្ពុជា និងឥទ្ធិពលនៃខ្យល់សមុទ្រចិនខាងត្បូង ដែលលក្ខណៈបែបនេះនឹងធ្វើឲ្យ៖ តំបន់ទំនាប កណ្តាលភ្លៀង នៅតែបន្តមានក្នុងកម្រិតពីតិចទៅបង្គួរ។ ទន្ទឹមនោះ រាជធានី-ខេត្តនៅភាគខាងក្រោម ក៏អាចមានភ្លៀងច្រើនដោយអន្លើផងដែរ ហើយតំបន់ខ្ពង់រាប នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម និងតំបន់មាត់សមុទ្រអាចមានភ្លៀងពីមធ្យមទៅបង្គួរ ពិសេសខេត្តកោះកុង។

អាស្រ័យហេតុនេះសូមប្រជាពលរដ្ឋមាន ការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតគ្រោះធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕