ភ្នំពេញ ៖ បុរសម្នាក់ដោយសារមានអាការក្តៅស្អុះស្អាប់ពេក បានដើរចូលទៅក្នុងបន្ទប់ទឹក បំណងងូតទឹកជម្រះកាយចេញ តែអកុសល ស្រាប់តែរអិលជើង ដួលបោកក្បាលស្លាប់ភ្លាមៗចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង៤៥នាទីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងក្រុមហ៊ុនឯកជនមួយកន្លែង តាមផ្លូវលេខ៩៥ ភូមិ ១ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ។
ជនរងគ្រោះដែលរអិលជើងដួលក្នុងបន្ទប់ទឹក បោកក្បាលស្លាប់នេះ មានឈ្មោះគឹម ឌី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត ស្នាក់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានបើករថយន្តជូនថៅកែជនជាតិចិន មកកន្លែងធ្វើការនៅក្រុមហ៊ុន។ ពេលនោះ ជនរងគ្រោះមានអារម្មណ៍ក្តៅស្អុះស្អាប់ខ្លួនពេក ក៏បានដើរចូលទៅក្នុងបន្ទប់ទឹក បំណងងូតទឹកជម្រះកាយ តែអកុសល បានរអិលជើងដួលបោកក្បាលស្លាប់នៅនឹងកន្លែង។
ប្រភពបន្តថា ភ្លាមៗនោះអ្នកធ្វើការងារជាមួយគ្នា គិតថា ជនរងគ្រោះមិនទាន់ស្លាប់ ក៏ បានហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះ តែពេលគ្រូពេទ្យពិនិត្យរួច ប្រាប់ថា ជនរងគ្រោះបានស្លាប់ទៅហើយ បន្ទាប់មកខាងក្រុមហ៊ុន ក៏បានរាយការណ៍ទៅសមត្ថកិច្ច។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះត្រួតពិនិត្យ ឃើញថា ជនរងគ្រោះពិតជាដួលបោកក្បាលស្លាប់មែន តែអ្វីដែលក្តុកក្តួលនោះ ពេលប្រពន្ធកូនរបស់ជនរងគ្រោះមកដល់បានស្រែកទ្រហោយំឱបសពជនរងគ្រោះដោយក្តីរន្ធត់ និងស្រែកហៅឲ្យជនរងគ្រោះងើបឡើងវិញ តែមិនទទួលបានផលឡើយ។
សពជនងគ្រោះ ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕