ខេត្ត​ត្បូងឃ្មុំ ៖ ច្រាំង​ទន្លេមេគង្គ ដែល​បាក់​ស្រុត​មាន​ប្រវែង​ជាង​១​គីឡូម៉ែត្រ​ហើយ កំពុង​តែ​បន្ត​បាក់​ចូល​ទឹកទន្លេ​ជា​បន្តបន្ទាប់ ជា​ច្រើន​កន្លែង​ទៀត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លំនៅ​ដ្ឋា​ន​ពលរដ្ឋ​មួយ​ចំនួន ពិសេស វត្ត​រការ​ធំ ស្ថិត​ក្នុងភូមិ​រការ​ធំ ឃុំ​ជី​រោ​ទិ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

ព្រះ​ចៅអធិការ​វត្ត​រការ​ធំ ព្រះ​គ្រូ គា សុគន្ធ បាន​មាន​ថេរ​ដីកា​រថា ដី​ទីធ្លា​វត្ត​នេះ ពី​មុន​មាន​ទទឹង​ប្រវែង​៩៨​ម៉ែត្រ បណ្ដោយ​ប្រវែង​២១០​ម៉ែត្រ តែ​ពេល​នេះ​នៅ​សល់​បណ្ដោយ​តែ​៤០ម៉ែត្រ​ទេ ។

ព្រះ​អង្គ បន្ត​ថា ច្រាំង​ទន្លេមេគង្គ បាន​បន្ត​បាក់​តាំងពី​ទឹក​ឡើង​រហូត​ទឹក​ស្រក ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​កុដិ​ថ្ម និង​សាលាឆាន់ យ៉ាងធ្ងន់ធ្ងរ តែ​ត្រូវ​បាន​កម្លាំង​សហការ មាន​បងប្អូន​ប្រជាពលរដ្ឋ អាជ្ញាធរ ភូមិ​ឃុំ​ស្រុក កម្លាំង​កងទ័ព​យោ​ធិ​ភូមិភាគ​២ ជួយ​រុះរើ រំដោះ​បាន​យ៉ាង​ទាន់​ហេតុការណ៍ បញ្ហា​ប្រឈម​នេះ ព្រះ​ចៅអធិការ​វត្ត​រការ​ធំ បាន​សំណូមពរ​ដល់​សប្បុរសជន អាជ្ញាធរ​ខេត្ត ប្រមុខ​រាជរដ្ឋាភិបាល​មេត្តា​ជួយ​រក​ទីតាំង​ថ្មី​សម្រាប់​កសាង​វត្ត​រការ​ធំ​នេះ​ផង ទុក​សម្រាប់​ពលរដ្ឋ​គោរព​ប្រ​ណិ​ប​ត្តិ​សាសនា ៕