ខេត្តរតនគិរី៖ ក្រោយធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ប្រហែល២ម៉ោងប៉ុណ្ណោះ ខ្មាន់កាំភ្លើងជាឃាតករចិត្តស្លុយដៃឆៃ ត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបានហើយ នៅវេលាម៉ោងជិត១១ព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ហើយជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបាញ់សម្លាប់ជនរងគ្រោះមែន មូលហេតុមកពី…។


លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលផែនព្រហ្មទណ្ឌ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានឲ្យដឹងថា ជនដៃដល់ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបានហើយ កំពុងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសួរនាំ។
ជនសង្ស័យមានឈ្មោះនួន មករា អាយុ៣១ឆ្នាំ ជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ឃាត់ខ្លួនបាននៅត្រង់ចំណុចបឹងយក្សឡោម ខណៈជនសង្ស័យកំពុងបើករថយន្តគេចខ្លួន ។ សមត្ថកិច្ច ដកហូតកាំភ្លើងខ្លី១ដើម និងរថយន្ត១គ្រឿង ម៉ាកនីស្សាន់ ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ ២N-៥០១១ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពយ៉ាងខ្លីថា «ខ្លួនពិតជាបានបាញ់សម្លាប់ជនរងគ្រោះពិតប្រាកដមែន ដោយសាររឿងគំនុំផ្ទាល់ខ្លួន» ។


សូមរំលឹកថា កាលពីវេលាម៉ោងប្រហែល៩ និង៣០នាទីព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចហាងកាហ្វេវៀតណាមមួយកន្លែង ក្បែរភោជនីយដ្ឋានម្លិះ៧៧ ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មានករណីឃាតកម្មដ៏រន្ធត់មួយបានកើតឡើង ដោយមានខ្មាន់កាំភ្លើងដើរចូលបាញ់សម្លាប់ជនរងគ្រោះឈ្មោះផន ទុំ អាយុ៣០ឆ្នាំ ជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្ត ១គ្រាប់ចំក្បាល បណ្តាលឲ្យប្រកាច់ស្លាប់ភ្លាមៗក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈដែលកំពុងអង្គុយផឹកកាហ្វេនៅទីនោះ ។


អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ឃើញរថយន្តនីស្សាន់១គ្រឿងជិះគ្នា៣-៤នាក់ បើកមកឈប់មុខហាងកាហ្វេខាងលើ ហើយបានចុះដើរតម្រង់ទៅរកជនរងគ្រោះ និងបានយកកាំភ្លើងបាញ់ជនរងគ្រោះចំក្បាល បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្តង រួចក្រុមជនដៃដល់បានរត់ឡើងរថយន្ត រួចបើកគេចបាត់ស្រមោលទៅ។
ជនសង្ស័យខាងលើ ត្រូវកម្លាំងសមត្ថកិច្ចនាំទៅសាកសួរ នៅការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីធ្វើការសាកសួរបន្ថែម និងចាត់ការទៅតាមផ្លូវច្បាប់។ ដោយឡែក បក្ខពួកផ្សេងទៀត សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួននាំមកផ្តន្ទាទោសតាមផ្លូវច្បាប់។
សម្រាប់ព័ត៌មានទៅយ៉ាងណាទៀត «KBN» នឹងផ្សាយជូននៅពេលក្រោយ៕