ភ្នំពេញ៖ ស្ថានទូតអាមេរិក ចេញមុខការពារសញ្ញាបត្រឧត្តមសិក្សា ផ្តល់ដោយអាមេរិក ក្រោយពីលោកសម រង្ស៊ី វាយប្រហារថា សាលាបណ្ឌិត្យសភាយោធាសហរដ្ឋអាមេរិក West Point ផ្តល់សញ្ញាបត្រការទូតឱ្យលោក ហ៊ុន ម៉ាណែត។
អ្នកនាំពាក្យស្ថានទូតអាមេរិក អ្នកស្រី Emily V. Zeeberg បានបញ្ជាក់ប្រាប់សារព័ត៍មានក្នុងស្រុក តាម Email ថា៖ ជនទាំងឡាយ ដែលបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យ សាកលវិទ្យាល័យ ឬវិទ្យាស្ថានថ្នាក់ឧត្តមសិក្សា នឹងទទួលបានសញ្ញាបត្រ ឬវិញ្ញាបនបត្រ ប្រសិនបើពួកគេបំពេញតាមលក្ខខណ្ឌ នៃគ្រឹះស្ថានសិក្សាទាំងនោះបាន ដោយមិនប្រកាន់ប្រទេសកំណើតទេ។


អ្នកស្រីEmily V. Zeeberg បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ សាកលវិទ្យាល័យ ឬវិទ្យាស្ថានថ្នាក់ឧត្តមសិក្សា នឹងទទួលបានសញ្ញាបត្រ ឬវិញ្ញាបនបត្រ ប្រសិនបើពួកគេបំពេញតាមលក្ខខណ្ឌ នៃគ្រឹះស្ថានសិក្សាទាំងនោះបាន។ ប្រទេសកំណើតរបស់និស្សិត គឺមិនមែនជាបញ្ហាឡើយ»។
លោកស្រី Emily V. Zeeberg បានការពារអំពីគុណភាពសិក្សានៅសហរដ្ឋអាមេរិក ដោយបញ្ជាក់យ៉ាងដូច្នេះថា៖ «គ្រឹះស្ថានថ្នាក់ឧត្តមសិក្សារបស់អាមេរិក មានឈ្មោះល្បីរន្ទឺដោយសារតែគុណភាពគ្មានគូប្រៀប ហើយអាចផ្តល់ជំនាញភាសាអង់គ្លេសយ៉ាងល្អឥតខ្ចោះ ដើម្បីត្រៀមសម្រាប់អាជីព នាពេលអនាគត»។


ករណីលោកសម រង្ស៊ី វាយប្រហារថា សាលាបណ្ឌិត្យសភាយោធាសហរដ្ឋអាមេរិក West Point ផ្តល់សញ្ញាបត្រការទូតឱ្យលោក ហ៊ុន ម៉ាណែតនេះ លោក ហ៊ុន ម៉ាណែត បានបបួលលោកសម រង្ស៊ី ភ្នាល់គ្នា ដោយដាក់លក្ខខណ្ឌ២ចំណុចគឺ៖ បើសិនជា សាលា West Point ពិតជាមានការបែងចែកស្តង់ដារខុសគ្នារវាងនិស្សិតយោធាបរទេស និងអាមេរិក ដូចលោកសម រង្ស៊ី និយាយមែននោះ លោកនឹងលាលែងតួនាទីទាំងអស់ ប៉ុន្តែបើលោកសម រង្ស៊ី មិនអាចបង្ហាញថា សាលាWest Point មានសញ្ញាបត្រ២ប្រភេទ ដែលមានតម្លៃខុសគ្នាទេ សូមឲ្យលោកសម រង្ស៊ី លាឈប់ពីជីវិតនយោបាយ ។

លោកហ៊ុន ម៉ាណែត ជាកូនខ្មែរដំបូងគេ ដែលបានបញ្ចប់ការសិក្សាផ្នែកយោធា ពីសាលាបណ្ឌិត្យសភាយោធា West Point របស់សហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៩៩ ហើយទទួលបានសញ្ញាបត្រសាលាល្បីនេះ ត្រឡប់មកកាន់ប្រទេសកម្ពុជា៕