ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់យកដំបងវាយលើនារីម្នាក់គ្មានញញើតដៃ ហើយទាត់ធាក់ថែម បណ្តាលឲ្យនារីរងគ្រោះទទួលរងរបួសជាំពេញខ្លួន ។ ករណីហិង្សាដោយចេតនានេះ បានកើតឡើង កាលពីវេលាម៉ោង១៤ និង១០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ចំណុចភូមិរាយដប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ។
នារីរងគ្រោះមានឈ្មោះ កែវ គន្ធា អាយុ៣៩ឆ្នាំ មានទីលំនៅ ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរ កម្មការិនីរោងចក្រ ។ ចំណែក ជនដៃដល់មាន
ឈ្មោះផន ចាន់ដារ៉ាស៊ី ហៅហ៊ីង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មករសំណង់ ។


ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះឈ្មោះ កែវ គន្ធា បានទៅលេងផ្ទះមិត្តភ័ក្របងស្រី ឈ្មោះឡុង សុភា ហៅច្រិប ភេទស្រី អាយុ៤៩ឆ្នាំ នៅភូមិរាយដប ឃុំសៀមរាម ស្រុកកណ្តាលស្ទឹង ។ ពេលកំពុងតែជួបជុំហូបចុកជាមួយបងស្រី និងមិត្តភ័ក្ររបស់ខ្លួន ស្រាប់តែជនសង្ស័យឈ្មោះ ផន ចាន់ដារ៉ាស៊ី ហៅ ហ៊ីង បានជិះម៉ូតូវីវ៉ា១គ្រឿងម្នាក់ឯងចូលមក។ ពេលនោះជនសង្ស័យឈ្មោះ ផន ចាន់ដារ៉ាស៊ី ឃើញឈ្មោះ កែវ គន្ធា នៅទីនោះក៏បានទាញដំបងឫស្សីប្រវែង ១១៥សម សំដៅមកវាយលើនារីឈ្មោះ កែវ គន្ធា ហើយត្រូវបានអ្នកនៅជិតនោះចាប់ជាប់។


ប្រភពបន្តថា ពេលនោះ ជនសង្ស័យមិនទាន់អស់កំហឹងទេ ដោយស្ទុះទៅយកកៅអីជ័រ វាយទៀតតែត្រូវគេចាប់ជាប់ ហើយជនសង្ស័យបានចាប់ទាញនារីរងគ្រោះ ទម្លាក់ពីលើគ្រែ ហើយវាយទាត់ធាក់ជាច្រើន បណ្តាលឲ្យមានស្លាកស្នាមជាំចំថ្ពាល់ខាងឆ្វេង ចង្ការខាងស្តាំ កែងដៃខាងស្តាំ និងជាំភ្លៅខាងឆ្វេងថែមទាំងគំរាមសម្លាប់នារីរងគ្រោះទៀត ។ លុះមកដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការដ្ឋាននគរបាលខេត្ត។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីទទួលពាក្យបណ្តឹងរបស់នារីរងគ្រោះ កម្លាំងសមត្ថកិច្ចចុះទៅស្រាវជ្រាវបន្ថែម និងនៅថ្ងៃទី០២ខែឆ្នាំដដែល សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនពិតជាប្រើអំពើហិង្សាបណ្ដាលឲ្យមានរបួសស្នាម ទៅលើឈ្មោះ កែវ គន្ធា ពិតប្រាដកមែន ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តចាត់ការ តាមនីតិវិធី។