រាជធានីភ្នំពេញ ៖ ពិតជា​ដំណឹង​មួយ​គួរ​ឲ្យ​តក់ស្លុត​បំផុត ដែល​នាយ សាន ម៉ៅ តារា​កំប្លែង​ដ៏​ល្បី​មួយ​រូប​របស់​កម្ពុជា បាន​ទទួលមរណភាព​នៅ​ឯ​មន្ទីរពេទ្យ​ប្រទេស​ថៃ នា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៩​នេះ ។

បើ​យោង​តាម​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​សរសេរ​សារ នៅ​ក្នុង​បណ្តាញ​សង្គម មុន​នេះ​បន្តិច​ថា «​ក្នុង​នាម​នាង​ខ្ញុំ​ជា​ប្រធាន សមាគម​សិល្បករ​ខ្មែរ សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ បំផុត​ដែល​លោកពូ សាន ម៉ៅ បាន​ទទួលមរណៈភាព​នៅ​វេលា​ម៉ោង​៦​ល្ងាច​នៅ​ឯ​មន្ទីរពេទ្យ​នា​ប្រទេស​ថៃ ។
ក្មួយ​ពិតជា​ស្លុតចិត្ត​ណាស់​ពេល​ដែល​បាន​ទទួល​ដំណឹង​ដ៏​សោកសៅ​នេះ ការ​ចាកចេញ​របស់​លោកពូ គឺជា​ក្តី​សោកសង្រេង​ជាទី​បំផុត​ដែល​ក្នុង​នាម​ជា​ក្មួយ ជា​សិល្បការ​នី​ជំនាន់​ក្រោយ ដែល​តែងតែ​គោរព​បដិបត្តិ រៀមច្បង​ដ៏​ល្អ​ម្នាក់ ។ យើង​ទាំងអស់​គ្នា​បាន​បាត់បង់​តារា​កំប្លែង​ជើង​ចាស់​ខ្មែរ​ដ៏​ល្បី​ប្រចាំ​ប្រទេស​កម្ពុ​ជាមួយ​រូប​ទៀត​ហើយ ។ សូម​វិញ្ញាណក្ខន្ធ​លោកពូ បាន​ទៅ​កាន់​សុគតិភព ទោះ​លោកពូ​បាន​លាចាក​លោក​នេះ មែន​តែ​ស្នាដៃ​សិល្បៈ​របស់​លោកពូ ស្ថិត​ក្នុង​ដួងចិត្ត​ប្រជាជន​ខ្មែរ​ជា​និច្ច» ។

យ៉ាងណា​មក​ដល់​ម៉ោង៩យប់​​នេះ អ្នកយកព័ត៌មានរបស់ KBN នៅមិន​ទាន់​អាច​ទាក់ទង​ក្រុម​គ្រួសារ​នាយ​ សាន ​ម៉ៅ បាន​នៅឡើយ​ទេ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា តារា​កំប្លែង​រូប​នេះ បាន​ធ្លាក់ខ្លួន​ឈឺ​អស់​រយៈពេល​ច្រើន​ខែ​ណាស់​មក​ហើយ ជាមួយនឹង​ជំងឺ​ច្រើន​មុខ ដូច​ជា លើសឈាម ទឹកនោមផ្អែម ជា​ពិសេស​ជំងឺ​សួត​ធ្ងន់​ដែល​តម្រូវ​ឲ្យ​ដាក់​អុក​ហ្ស៊ី​សែន​ជា​ប្រចាំ រហូត​លោក ត្រូវ​ចោះ​បំពង់ក​ទៅ​ទៀត ធ្វើ​ឲ្យ​លោក​មិន​អាច​និយាយ​បាន​។ ហើយ​មួយ​រយៈ​ចុង​ក្រោយ ជំងឺ​លោក​សាន ម៉ៅ នៅ​តែ​មិន​អាច​ធូរស្រាល​នៅឡើយ​ទេ ពោល​គឺ​ស្ថិត​ក្នុង​លក្ខណៈ​ធ្ង​រ ទើប​ក្រុម​គ្រួសារ​សម្រេច​បញ្ចាំ​របស់របរ​មាន​រថយន្ត និង​ប្លង់​ដី ដើម្បី​នាំ​យក​រូប​លោក​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ក្នុង​ក្តី​សង្ឃឹម​ចុង​ក្រោយ តែ​ជា​អកុសល នៅ​ថ្ងៃនេះ តារា​កំប្លែង​ដ៏​ល្បី ប្រចាំ​ប្រទេស​កម្ពុជា សាន ម៉ៅ បាន​ទទួលមរណភាព ៕