ខេត្តបន្ទាយមានជ័យៈ បុរសម្នាក់ ជាមេបញ្ជាការរងខ២ នៃកងល្បាតទី២ កងការពារព្រំដែន៥០៣ ត្រូវបានជនដៃដល់ជាគូជម្លោះចាស់យកកាំបិតមកកាប់ប្រហារបណ្តាលឲ្យដាច់.កស្លាប់ ក្នុងថ្លុកឈាមគួរឲ្យរន្ធត់ ខណៈដែលជនរងគ្រោះកំពុងបើកម៉ូតូឌុបកូនប្រុស មិនដឹងខ្លួន។
ករណីមនុស្សឃាតនេះ បានកើតឡើង កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។


មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបីជាន់ បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវគេកាប់សម្លាប់ទាំងព្រឹកនេះ មានឈ្មោះកែវ ពេជ្ររស្មី ឋានៈជាព្រិន្ទបាលឯក មុខងារមេបញ្ជាការរងខ២ នៃកងល្បាតទី២ កងការពារព្រំដែន៥០៣។ ចំណែក ជនដៃដល់ជាឃាតករ មានឈ្មោះ ភាព សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។
ប្រភពបន្តថា ក្រោយពីកាប់សម្លាប់ជនរងគ្រោះហើយ ជនសង្ស័យមិនបានរត់គេចខ្លួនទេ ដោយពឹងគេបើកម៉ូតូដឹកខ្លួនទៅសារភាពនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរបីជាន់ តែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា រូបគេ និងជនរងគ្រោះធ្លាប់មានជម្លោះនៅក្នុងវង់ផឹកស៊ី ដោយជនរងគ្រោះ និងប្រពន្ធបានប្រើពាក្យសម្តីប្រមាថមើលងាយលើរូបគេ ។ មិនត្រឹមតែប៉ុណ្ណោះ ជនរងគ្រោះគំរាមថា នឹងបាញ់បំបែកក្បាលគេទៀតផង ទើបធ្វើឲ្យរូបគេមានគំនុំក្នុងចិត្តជាមួយនឹងជនរងគ្រោះអស់រយៈពេលច្រើនខែមកហើយ ។


ជនសង្ស័យសារភាពបន្តថា នៅថ្ងៃកើតហេតុ រូបគេឃើញជនរងគ្រោះជិះម៉ូតូឌុបកូនដើរលេងមកក្បែរផ្ទះខ្លួន ហើយរូបគេឃើញថាជាឱកាសល្អសម្រាបសងសឹក ក៏សម្រេចចិត្តយកកាំបិតទៅកាប់សម្លាប់ជនរងគ្រោះចោលតែម្តង។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូរបីជានើ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអូរជ្រោ ចាត់ការបន្តតាមផ្លូវច្បាប់៕