សៀមរាប៖ អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការលើសកម្មភាពលក់ដូរក្រាលកន្ទេលអង្រឹង បើកឧប្បករណ៍បំពងសម្លេងខ្លាំងៗនិងទទួលទានគ្រឿងស្រវឹងជុំវិញ កសិន្ធប្រាសាទអង្គរវត្ត។

អាជ្ញាធរជាតិអប្សរាបានសរសេរសារ នៅលើបណ្តាញហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី០២ ខែតុលានេះថា ការដាក់ឱសានវាទបញ្ឈប់សកម្មភាពលក់ដូរ ក្រាលកន្ទេលអង្រឹងបើក គ្រឿងបំពងសម្លេងខ្លាំងៗនិងទទួលទានគ្រឿងស្រវឹងនៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត បានចូលមកដល់នៅត្រឹមថ្ងៃទី០១ខែតុលាឆ្នាំ២០១៩។

ប្រភពបន្តថា ដូច្នេះដើម្បីលើកកម្ពស់បរិស្ថានស្អាតសោភ័ណភាពស្រស់បំព្រង ក៏ដូចជាលើកតម្លៃភាពជាសក្ការៈដ៏ឧត្តុង្គឧត្តមនៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាអង្គភាព នគរបាលពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានបានបង្កើតក្រុមការងារចម្រុះ ធ្វើការអប់រំណែនាំផ្ទាល់នៅទីកន្លែងចាប់ពីថ្ងៃ០២ រហូតដល់ថ្ងៃទី០៧ខែតុលាឆ្នាំ២០១៩ខាងមុខនេះ។

ទីតាំងដែលក្រុមការងារចម្រុះអនុវត្តការងាររបស់ខ្លួនមានដូចជា ជុំវិញបរិវេណត្រពាំងសេសប្រាសាទព្រហ្មកិលនិងតាមដងផ្លូវកៅស៊ូនៃកសិន្ធុប្រាសាទអង្គរវត្ត។ក្នុងករណី ហួសកាលបរិច្ឆេទអប់រំ ណែនាំហើយសកម្មភាពលក់ដូរក្រាលកន្ទេលអង្រឹងបើកគ្រឿងបំពង សម្លេងខ្លាំងៗនិងការទទួលទានគ្រឿងស្រវឹងនៅតែបន្តនោះក្រុមការងារចម្រុះ នឹងអនុវត្តវិធានការរដ្ឋបាលចាំបាច់នានា។

ជាថ្មីម្តងទៀតអាជ្ញាធរជាតិអប្សរាសូមអំពាវនាវឱ្យមានការចូលរួមសហការបញ្ឈប់សកម្មភាព លក់ដូរក្រាលកន្ទេលអង្រឹងបើកគ្រឿងបំពងសម្លេងខ្លាំងៗនិងការទទួលទានគ្រឿងស្រវឹង នៅលើវាលស្មៅជុំវិញកសិន្ធុប្រាសាទអង្គរវត្តឱ្យបានជាដាច់ខាតចាប់ពីពេលនេះតទៅ៕