ខេត្តបាត់ដំបង៖ ស្រ្តីម្នាក់បានទៅបេះត្រួយអង្គាដីមកស្ល ហើយពេលនោះ បានប្រទះឃើញសត្វល្អិតមិនស្គាល់មានទំហំប៉ុនៗមេដៃ កំពុងស៊ីស្លឹកអង្គាដី ក៏ចាប់វាមកលីងហូបជាមួយក្មួយៗ តែក្មួយមិនហូប គឺហូបតែម្នាក់ឯង ក៏បណ្តាលឲ្យពុលក្អួតចេញមកសុទ្ធតែឈាម និងដាច់សាច់អណ្តាតទាំងដុំៗ ស្លាប់ចោលកូន និងប្តីយ៉ាងណោចអាធ័ម។
ករណីស្រ្តីចាប់សត្វល្អិតមិនស្គាល់ឈ្មោះមកលីងហូប បណ្តាលឲ្យពុលស្លាប់នេះ បានបានកើតឡើង កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ។
ស្រ្តីរងគ្រោះដែលហូបសត្វល្អិតពុលស្លាប់នេះ មានឈ្មោះគីម សាគី អាយុ៤១ឆ្នាំ មានប្តីឈ្មោះ រុណ សម្បត្តិ និងមានកូននៅក្នុងបន្ទុកចំនួន២នាក់ ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានទៅបេះត្រួយអង្គាដីមកស្ល ហើយពេលនោះ បានឃើញសត្វជាច្រើនមានពណ៌ខ្មៅ និងមានទំហំប៉ុនៗមេដៃ កំពុងចោមរោមស៊ីស្លឹកអង្គាដីដែរ។ ពេលនោះ ស្រ្តីរងគ្រោះបានចាប់សត្វទាំងនេះមកមកដាក់ខ្ទះរួចលីងយ៉ាងឆ្អិន ហើយនាំក្មួយហូប ។ ពេលនោះ ក្មួយស្រ្តីរងគ្រោះបានប្រាប់ថា សត្វនេះល្វីងណាស់ ហើយក៏ខ្ជាក់ចេញវិញអស់ ដោយមិនបានលេបចូលក្នុងពោះនោះទេ ពោលគឺហូតតែស្រ្តីរងគ្រោះម្នាក់ឯង។


ប្រភពបន្តថា ក្រោយពីស្ត្រីរងគ្រោះហូបសត្វនោះរួច ស្រាប់តែមានអារម្មណ៍ថា មិនស្រួលក្នុងខ្លួន ទើបប្តីរបស់ស្ត្រីរងគ្រោះ ប្រញាប់ជូនប្រពន្ធទៅពេទ្យភ្លាម។ ពេលទៅដល់ពេទ្យស្ត្រីរងគ្រោះបានក្អួតចេញមកសុទ្ធតែឈាម ហើយអណ្តាតវិញ ដាច់សាច់ធ្លាក់មកទាំងដុំៗ ដោយក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបានទេ ទីបំផុត នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ស្រី្តរងគ្រោះបានដាច់ខ្យល់ស្លាប់ចោលកូន និងប្តីយ៉ាងអាណោចអាធ័ម។
សពស្ត្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកមកកាន់លំនៅឋានវិញ ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីទាំងក្តៅសោកអាល័យជាពន់ពេក៕