ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍ រថយន្តសាំយ៉ុងបុកម៉ូតូហើយបែកកង់ បណ្ដាលឲ្យរេចង្កូតទៅបុករថយន្តសាំយ៉ុងមួយគ្រឿងទៀត ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ស្រាល១៩នាក់។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥ ត្រង់់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៥ និង២០៦ ឃុំក្នុងត្រពាំងជង ស្រុកបាកាន ។


មុនពេលកើតហេតុ រថយន្តម៉ាកសាំយ៉ុង បុកម៉ូតូមួយគ្រឿងហើយបែកកង់ បណ្ដាលឲ្យរេទៅបុករថយន្តសាំយ៉ុងមួយគ្រឿងទៀត ដែលបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ម្នាក់ នៅកន្លែងកើតហេតុ រងរបួសធ្ងន់ ៤នាក់ របួសស្រាល ១៥នាក់ (ស្រី០៧នាក់) ក្នុងនោះមានជនជាតិថៃម្នាក់ឈ្មោះ Vechakam ហៅ Karin ភេទប្រុស អាយុ៥៤ឆ្នាំ រងរបួសប្រេះឆ្អឹងដងកាំបិត ត្រូវបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកបាកាន និងខូចខាតរថយន្ត០២គ្រឿង ម៉ូតូ០១គ្រឿង។


ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅវាស់វែង និងយកវត្ថុតាង (រថយន្ត០២គ្រឿង និងម៉ូតូ០១គ្រឿង) ទៅរក្សាទុកនៅអធិការដ្ឋាននរគបាលស្រុក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ។ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕