រាជធានីភ្នំពេញ ៖ រដ្ឋបាលជលផលដែលជាសេនាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសការបើករដូវនេសាទ សម្រាប់ឆ្នាំ២០១៩-២០២០ ដែលចាប់ផ្តើមពីថ្ងៃ១ ខែតុលា ដល់ថ្ងៃ៣១ ខែឧសភា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្ដីជូន ដំណឹងរបស់រដ្ឋបាលជលផលនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ផ្សាយជាសាធារណនៅថ្ងៃ១ តុលា ឆ្នាំ២០១៩នេះ។

សេចក្ដីជូនដំណឹងបន្តថា ការអនុញ្ញាតឲ្យនេសាទបានចាប់ពីថ្ងៃទី១ តុលា ដល់ថ្ងៃទី៣១ ឧសភា ចំពោះដែននេសាទទឹកសាបស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ មានខេត្តទាំងអស់ជុំវិញបឹងទន្លេសាប និងខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរីមណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ និងមួយផ្នែកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល នៅប៉ែកខាងជើងទន្លេចតុមុខ។

 

ដោយឡែក ខេត្តស្ទឹងត្រែងចាប់ពីថ្ងៃទី១ តុលា រហូតដល់ថ្ងៃទី១ ឧសភា។ ចាប់ពីថ្ងៃទី១ វិច្ឆិកា ដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២០ ចំពោះដែននេសាទទឹកសាបស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ រួមមាន ៖ ខេត្តព្រៃវែង តាកែវ កំពង់ស្ពឺ ស្វាយរៀង និងមួយផ្នែកក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល ដែលនៅប៉ែកខាងត្បូងទន្លេចតុមុខ ។

សេចក្ដីជូនដំណឹងសង្កត់ធ្ងន់ថា ក្នុងរយៈពេលបើកនេសាទប្រជាពលរដ្ឋអាចធ្វើអាជីវកម្មដោយឧបករណ៍នេសាទជាលក្ខណៈគ្រួសារដែលអនុញ្ញាតក្នុងដែននេសាទទឹកសាប។ ក្រៅពីនេះ ការធ្វើនេសាទត្រូវ មានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្ម មានកាតព្វកិច្ចបង់ពន្ធ និងថ្លៃឈ្នួលនេសាទជូនរដ្ឋ គោរពតាមបទបញ្ជា ដែលមានចែង។

ក្នុងឱកាសនោះ រដ្ឋបាលជលផលក៏ឲ្យប្រជាពលរដ្ឋប្រកបរបរនេសាទមានបំណងធ្វើនេសាទ ដោយប្រើប្រាស់ឧបករណ៍ “ម៉ាញ់” នៅតាមដងទន្លេមេគង្គ និងដងទន្លេសាប ក្នុងទីតាំងដែលរាជរដ្ឋាភិបាល បានអនុញ្ញាតត្រូវមកចុះឈ្មោះ សុំលិខិតអនុញ្ញាតនៅតាមខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម ៕