ព្រៃវែង ៖ នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំក្រុមប្រតិបត្តសាខា ក្រុមការងារអនុសាខាស្រុក អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ១៤គ្រួសារ ក្នុងនោះរងគ្រោះធ្ងន់ធ្ងរ ចំនួន ០៥ គ្រួសារ និងរងគ្រោះមធ្យម ចំនួន ០៩ គ្រួសារ នៅឃុំចំនួន ៥ ឃុំ គឺនៅឃុំពាមមន្ទារ ឃុំចាម ឃុំព្រៃឈរ ឃុំប្រសាទ នឹងឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

នាឱកាសនោះ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខមាលភាពប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ សម្ដេចក៏តែងតែមានការព្រួយបារម្មណ៍ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសបងប្អូនដែលកំពុងទទួលរងគ្រោះថ្នាក់ដោយគ្រោះធម្មជាតិ ដែលបំផ្លាញនូវទ្រព្យសម្បត្តិ និងផលដំណាំផ្សេងៗនាពេលនេះ។ ក្នុងនោះឯកឧត្តម បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតគ្រោះធម្មជាតិផ្សេងៗ ដែលកើតឡើងជាយថាហេតុ ហើយខណៈដែលមានភ្លៀងខ្យល់កន្ត្រាក់ ត្រូវរកកន្លែងដែលមានសុត្ថិភាព ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិដូចជាផ្ទះសម្បែងជាដើម ត្រូវសម្អាតបរិស្ថានជុំវិញផ្ទះ និងកន្លែងដែលជាជម្រកមុសខ្លា គេងក្នុងមុងដើម្បីការពារជម្ងឺគ្រុនឈាម ។

សម្ភារៈផ្តល់ជូនរួមមាន៖ គ្រួសាររងគ្រោះធ្ងន់ធ្ងរទទួលបាន អង្ករ ២៥គ.ក កន្ទេល១ តង់១ មី១កេស ត្រីខ១យួរ ឃីត ១កញ្ចប់ (មុង ភួយ ក្រមា សារ៉ុងនិងអាវ២) និងថវិកាចំនួន ១០០,០០០រៀល។ គ្រួសាររងគ្រោះមធ្យម ទទួលបានអង្ករ ២៥គ.ក កន្ទេល១ មី១កេស ត្រីខ១យួរ ឃីត ១កញ្ចប់ (មុង ភួយ ក្រមា សារ៉ុងនិងអាវ២) និងថវិកាចំនួន ៥០,០០០រៀល នឹងគ្រួសារ រងបូស បាក់ជើងថវិការ ២០០,០០០៛។ ក្នុងនោះដែរឯកឧត្ដម ជា សុមេធី បានឧបត្ថម្ភថវិកាបន្ថែមដល់គ្រួសាររងគ្រោះចំនួន១៤គ្រួសារ ក្នុង១គ្រួសារ៥០,០០០រៀល និងបានបន្ថែមដល់គ្រួសាររងបូសចំនួន២០០,០០០៛ នោះផងដែ។