ខេត្តកណ្តាល ៖ ស្ត្រីជើងខ្លាំងម្នាក់ពេលបាត់ប្តី ក៏ជិះកង់ទៅរកប្តីដល់ផ្ទះស្រ្តីម្នាក់ទៀត រហូតទាក់ពាក្យសម្តីគ្នា ឈានដល់ប្រើអំពើហិង្សា ដោយស្រ្តីសង្ស័យបានយកកូនកាំបិតចាក់ ស្រ្តីរងគ្រោះជាម្ចាស់ផ្ទះ បណ្តាលឲ្យរបួស២កន្លែង រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។


ករណីហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៩ ចំណុចផ្ទះស្រ្តីរងគ្រោះ ស្ថិតនៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ។
ស្រ្តីរងគ្រោះមានឈ្មោះឈុំ ពេញ ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុ (របួសដៃខាងឆ្វេងដេរ ចំនួន៨ថ្នេរ និងពោះដេរចំនួន៣ថ្នេរ) ។


ចំណែកជនដៃដល់ មានឈ្មោះឈិន វណ្ណឌី ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមាន ទីលំនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។ សមត្ថកិច្ចដកហូត កូនកាំបិតផ្លែដែកដងឈើប្រវែង០.២១ម៉ែត្រចំនួន១ , ទូរស័ព្ទណូគា ចុចពិលពណ៌ខៀវ ១គ្រឿង ,កង់តួស្រី ពណ៌ក្រហម១គ្រឿង, ដំបងឫស្សីប្រវែង០.៤០ម៉ែត្រចំនួន១ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ស្រ្តីសង្ស័យបាត់ប្តីពីផ្ទះ ក៏ជិះកង់មករកប្តីនៅផ្ទះស្រ្តីរងគ្រោះ ពេលមកដល់បានសួរជនគ្រោះថា « មានឃើញប្តីខ្ញុំអត់?» ។ ពេលនោះ ស្រ្តីរងគ្រោះបានឆ្លើយថា «មិនឃើញទេ» ពេលនោះជនសង្ស័យបានយកដំបងឫស្សីទៅវាយទ្វារផ្ទះស្រ្តីរងគ្រោះ។ ស្រ្តីរងគ្រោះខឹង ក៏ស្ទុះទៅវាយស្រ្តីសង្ស័យ១ដៃ រួចក៏មានការប្រតាយប្រតប់គ្នាទៅវិញ ទៅមក។


ប្រភពបន្តថា ពេលនោះជនសង្ស័យបានយកកូនកាំបិតចាក់ស្រ្តីរងគ្រោះ បណ្តាលឲ្យរងរបួស២កន្លែង បន្ទាប់មកបានអ្នកជិតខាងនាំយកទៅព្យាបាលរបួសនៅពេទ្យឯកជនផ្សារគគីរ រួចក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយទទួលបានពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះ កម្លាំងនគរបាលប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនស្ត្រីសង្ស័យមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។
នៅចំពោះសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើដូចខាងលើប្រាកដមែន ។
ជនសង្ស័យរួមនិងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបានស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕