ខេត្តកណ្ដាល៖ ប្ដីជើងល្អម្នាក់ ផឹកស្រាស្រវឹង កាន់ញញួរគំរាមសម្លាប់ជនរងគ្រោះជាប្រពន្ធ ព្រមទាំងបានវាយបំផ្លិចបំផ្លាញចានដែក កង់ និងសម្ភារ:ក្នុងផ្ទះមួយចំនួនទៀត សមត្ថកិច្ចបានចុះមកយកទៅអប់រំនៅប៉ុស្តិ៍ រួចបានអនុញ្ញាតឲ្យត្រឡប់មកផ្ទះវិញ មិនបានប៉ុន្មានម៉ោងផង ស្រាប់តែយកកាំបិតខ្វែវដេញកាប់ប្រពន្ធ មិនឲ្យដេកផ្ទះ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ក៍បានចុះទៅចាប់បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់តែម្ដងទៅ ។


ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ។


ជនរងគ្រោះឈ្មោះ មូល សុខា ហៅ ជ្រែង ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅ ភូមិ/ឃុំកើតហេតុ ជាប្រពន្ធ។ ចំណែកជនសង្ស័យ ឈ្មោះ ញ៉ សុខ ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅជាមួយគ្នា ជាប្តី។ វត្ថុតាងដកហូតបាន៖ កាំបិតខ្វែវចំនួន១ដើម។
មុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹងហើយជេរប្រមាថ និងកាន់ញញួរគំរាមសម្លាប់ជនរងគ្រោះជាប្រពន្ធ ព្រមទាំងបានវាយបំផ្លិចបំផ្លាញចានដែក កង់ និងសម្ភារ:ក្នុងផ្ទះមួយចំនួនទៀត។


ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ នាំទៅអប់រំនៅប៉ុស្តិ៍ រួចបានអនុញ្ញាតឲ្យត្រឡប់មកផ្ទះវិញ។ លុះដល់វេលា ម៉ោង ២០និង១០នាទីយប់ថ្ងៃដដែល ជនសង្ស័យ បានយកកាំបិតខ្វែវដេញកាប់ប្រពន្ធ មិនឲ្យដេកផ្ទះ។ ភ្លាមនោះជនរងគ្រោះជាប្រពន្ធ បានរត់ទៅប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ដើម្បីឲ្យជួយអន្តរាគមន៍ម្ដងទៀត សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ក៍បានចុះទៅចាប់ជនសង្ស័យបញ្ជូនទៅទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់តែម្ដងទៅ ៕