ខេត្តសៀមរាប ៖ អាជ្ញាធរ​អប្សរា គ្រោង​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់ នៅ​ឆ្នាំ​ក្រោយ ដើម្បី​ចូលរួម​ការពារ និង​ឱ្យ​រួច​ផុត​ពី​ហា​នី​ភ័យ ទុកជា​កេ​រ្ត៍​តំណែល សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ។

តាម​លោក យិ​ត ចាន់​ដា​រដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​ថា
យើង​ត្រូវ​ចូលរួម​ទាំងអស់​គ្នា ដើម្បី​ការពារ​ថែរក្សា​មរតក​ដូនតា​របស់​យើង ។
លោក​បន្ដ​ថា គម្រោង​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់ គឺជា​សមិទ្ធិ​ផល​ទី​២ បន្ទាប់​ពី​រហាត់ទឹក ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ លោក​ជំទាវ សៀង ចាន់​ហេង ដែល​បាន​រួមចំណែក​ក្នុង​ការ​ជួសជុល បេតិកភណ្ឌ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា រីឯ​ដំណើរការ​ជួសជុល គ្រោង​នឹង​ចាប់ផ្តើម​ឡើង​នៅ​រដូវប្រាំង ព្រោះ​ទឹក​រីង ងាយស្រួល​ក្នុង​ការ​ធ្វើ​កំណាយ​ស្រាវជ្រាវ និង​ជួសជុល ។

គួរ​ជម្រាប​ថា ប្រាសាទ​កណ្តាល​ស្រះស្រង់ កសាង​ឡើង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ សតវត្ស​ទី​១២ ជា​តំណាង​ឱ្យ​ភ្នំ​ព្រះ​សុមេរុ ។ ប្រាសាទ​នេះ​បាន​រង​ការ​បាក់បែក​ជា​ខ្លាំង ដោយសារ​កត្តា​ធម្មជាតិ ហើយ​ដើម្បី​លើក​តម្លៃ​ប្រវត្តិសាស្ត្រ សំណង់​ប្រាសាទ និង​ទេសភាព​វប្បធម៌ នៃ​ស្រះស្រង់​ឡើង​វិញ​នោះ អាជ្ញាធរ​ជាតិ​អប្សរា និង​វិស័យ​ឯកជន​បាន​រួមដៃគ្នា​ជួសជុល​ប្រាសាទ​នេះ​ឡើង​វិញ ។

បច្ចុប្បន្ន អាជ្ញាធរ​ជាតិ​អប្សរា ធ្វើការ​សិក្សា​លម្អិត​ទាក់ទង​នឹង​ប្រាសាទ រួម​ទាំង​ផ្នែក​បុរាណវិទ្យា ហើយ​ឆ្លង​យោបល់ ក្នុង​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា ខែធ្នូ​ខាង​មុខ​នេះ ទើប​ដំណើរការ​ជួសជុល​បាន ៕