ខេត្តកណ្ដាល ៖ បុរសម្នាក់ គ្រាន់តែគេសួរថា បងអត់ទៅផឹកទៀតអី ? ស្រាប់តែផ្ទុះភ្លើងកំហឹង ស្ទុះទៅទាញកាំបិតបម្រុងអា.កសម្លាប់គេចោល តែត្រូវជនរងគ្រោះដឹងខ្លួនទាន់ ក៏មានការប្រតាយប្រតប់គ្នា ហើយរត់ទៅប្តឹងសមត្ថកិច្ចជនកំណាចនេះ យកទៅចាត់ការតាមផ្លូវច្បាប់។
ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង១៨ និង២៥នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ច ធ្វើការចាប់ខ្លួននេះ មានមឈ្មោះពេញ វ៉ាន់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ដកហូតកាំបិតផ្គាក់កកុកប្រវែង ៧៨សង់ទីម៉ែត្រ ដងធ្វើពីឫស្សីប្រវែង ៥៣សង់ទីម៉ែត្រ និងផ្លែដែកប្រវែង ២៥សង់ទីម៉ែត្រ ចំនួន១។ ចំណែក ជនរងគ្រោះឈ្មោះ ថុល ចាន់ថន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ រស់នៅភូមិ/ឃុំខាងលើ ជាមួយគ្នា។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ រួមទាំងអ្នកភូមិ៦នាក់ទៀត បានជុំគ្នាផឹកស្រា នៅផ្ទះរបស់ឈ្មោះ ខឿន ។ លុះផឹកស៊ីរួចហើយ ក៏បំបែកគ្នាទៅផ្ទះរៀងៗខ្លួន ដោយពុំមានទំនាស់អ្វីនឹងគ្នាឡើយ លុះដល់វេលាកើតហេតុ ជនរងគ្រោះបានឃើញជនសង្ស័យអង្គុយនៅមុខផ្ទះអ្នកលក់ចាប់ហួយមួយកន្លែង ក៏សួរទៅជនសង្ស័យថា« បងមិនទៅផឹកទៀតទេឬ?» ស្រាប់តែជនសង្ស័យ ផ្ទុះកំហឹង ស្ទុះយកកាំបិតមកបម្រុងអារ.ក ជនរងគ្រោះ តែត្រូវជនរងគ្រោះដឹងខ្លួនទាន់ ក៏បានរើបម្រាស់ចេញ និងមានប្រតាយប្រតប់គ្នា បណ្តាលឲ្យត្រូវជនរងគ្រោះដាច់ស្បែកត្រង់ក ផ្នែកខាងស្តាំប្រវែង ៨,៥សង់ទីម៉ែត្រ បន្ទាប់មកជនរងគ្រោះ បានរត់ទៅប្តឹងសមត្ថកិច្ចឲ្យចុះអន្តរាគមន៍ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ សមត្ថកិច្ច បានចុះទៅធ្វើការស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។


សមត្ថកិច្ចបញ្ជាក់ ជនសង្ស័យខាងលើនេះ ធ្លាប់ជាប់ពន្ធនាគារ កាលពីឆ្នាំ២០០៤ រយ:ពេល១២ឆ្នាំ ក្នុងករណីមនុស្សឃាតនៅស្រុកលើកដែក ហើយជននេះ មិនព្រមកែប្រែចិត្តឡើយ ដោយមកគំរាមសម្លាប់ជនរងគ្រោះទៀត ក៏ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ទៀត៕