ខេត្តតាកែវ៖ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននរគបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុសិ៍នរគបាលកណ្តឹង បានចុះធ្វើការឃាត់ព្រះកាយសង្ឃ១អង្គ គង់នៅវត្តថ្មអន្ទង ភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទី ដែលប្រើប្រាស់សារធាតុញៀន ប្រគល់ឲ្យមន្ត្រីសង្ឃចាប់ផ្សឹក ទើបនាំខ្លួនទៅចាត់ការតាមផ្លូវច្បាប់។
សង្ឃកំហូចដែលធ្លាក់ខ្លួនក្នុងរណ្តៅថ្នាំញៀន ត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួននេះ ឈ្មោះ កី បូរី អាយុ២១ឆ្នាំ មុខរបរជាសង្ឃ មានទីលំនៅវត្តថ្មអន្ទង ភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ។


សមត្ថកិច្ចបានឲ្យដឹងថា មុនពេលសមត្ថកិច្ចចាប់ខ្លួនសង្ស័យខាងលើ ព្រះគ្រូចៅអធិការវត្តថ្មអន្ទង បានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានសង្ឃ១អង្គ គង់នៅវត្តរបស់ព្រះអង្គ កំពុងប្រើប្រាស់ថ្នាំញៀន ។ ពេលនោះកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះទៅឃាត់ព្រះកាយសង្ឃសង្ស័យ ប្រគល់ឲ្យមន្ត្រីសង្ឃចាប់ផ្សឹក ទើបនាំជនសង្ស័យទៅចាត់ការតាមផ្លូវច្បាប់ ព្រមទាំងដកហូតថ្នាំញៀនចំនួន២កញ្ចប់តូចផងដែរ។
ជនសង្ស័យ និងវត្ថុតាងត្រូវសមត្ថកិច្ចចាប់ខ្លួននាំមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕