ភ្នំពេញ៖ ក្នុងរយៈពេល៣ថ្ងៃ (ចាប់ពីថ្ងៃទី២៧-២៩ ខែកញ្ញា ឆ្នាំ២០១៩) នៃពិធីបុណ្យភ្ជុំបិណ្ឌ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស សរុបចំនួន៥២លើក បណ្ដាលឲ្យមនុស្សស្លាប់២៦នាក់ របួសស្រាល២៨នាក់ និងរបួសធ្ងន់៥២នាក់។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៥២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៦៦គ្រឿង, រថយន្តតូច២៤គ្រឿង, រថយន្ដធំ៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ដោយសារ បើកបរល្បឿនលឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ប្រជែង, បត់គ្រោះថ្នាក់ និងស្រវឹង ជាដើម។
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បើប្រៀបធៀបបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៨ កន្លងទៅ គឺមានការថយចុះ០១លើក ហើយចំនួនអ្នកស្លាប់ថយចុះ០២នាក់ និងអ្នករងរបួសចំនួន០៥នាក់៕