ខេត្តពោធិ៍សាត់៖ បុរសម្នាក់នាំគ្នាផឹកស៊ីស្រវឹងស្រឿងៗ សង្ស័យមានជំងឺប្រចណ្ឌ ស្រាប់តែវាយប្រពន្ធបែកមុខបែកមាត់ សន្លប់ស្ដូកស្ដឹង កាលពីថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិថ្គោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ។
ជនសង្ស័យជាប្ដី ឈ្មោះ ឆៃ រ៉ាន់ អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ។ ចំណែកស្រ្តីជាប្រពន្ធដែលរងរបួសបែកមុខបែកមាត់សន្លប់ស្ដូកស្ដឹងនោះ ឈ្មោះ សន ស៊ឺ អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំខាងលើ។

មុនពេលកើតហេតុ គេឃើញ ជនសង្ស័យជាប្ដីផឹកស៊ីជុំគ្នាជាមួយអ្នកជិតខាង ត្រង់ចំណុចផ្ទះរបស់ឈ្មោះ តាត ធី ស្ថិតក្នុងភូមិថ្គោលតូច។ បន្តិចក្រោយមក ស្រាប់តែសម្លេងជនសង្ស័យជាប្ដី និងស្រ្តីជាប្រពន្ធទំនាស់ពាក្យសម្ដីគ្នា រួចជនសង្ស័យជាប្ដី វាយប្រពន្ធបែកមុខបែកមាត់ សន្លប់ស្ដូកស្ដឹង ត្រូវបានអ្នកភូមិបញ្ជូនទៅព្យាបាលភ្លាមៗនៅមណ្ឌលសុខភាពក្បែនោះ ។ ចំណែកជនសង្ស័យដៃដល់ជាប្ដីត្រូវនគរបាលនាំសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្សាចំបក់ ៕