ខេត្តសៀមរាប៖ រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន រិទ្ធិមុនី ១គ្រឿង បើកបរបោះពួយយ៉ាងលឿនដូចហោះ ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្ត១គ្រឿង យ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម។ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង០៥ និង៣០នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ ៦A ភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ។


ប្រភពពីមន្ត្រីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុមាន រថយន្ត១គ្រឿងរបស់ក្រុមហ៊ុនរិទ្ធិមុនី ម៉ាក AERO QUEENHI CLASS ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ ៣C-៦៨៥៦ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿលឿន ដូចហោះ។ លុះមកដល់ចំណុចកើតហេតុ ខ្វះការប្រុងប្រយ័ត្នបានបុករថយន្ត ម៉ាកកាមរីឆ្លាម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កំពង់ចាម ២A-៣០៨៣ បើកបរដោយឈ្មោះ សឿង គា ភេទប្រុស អាយុ៤២ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មានទីលំនៅភូមិស្រយ៉ូវ ឃុំពុកយុក ស្រុកស្ទឹងសែន ខេត្តកំពង់ធំ បើកបរក្នុងទិសដៅពីលិចទៅកើត (បញ្ច្រាសទិសគ្នា) យ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់ ឈ្មោះ សឿង គា ។ រីឯរថយន្តទាំង២គ្រឿង រងការខូចខាតធ្ងន់ដូចគ្នា។


ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើកបររថយន្តក្រុងបានចុះរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនសង្ស័យដែលរត់គេចខ្លួន។
ដោយឡែក រថយន្តទាំង២គ្រឿង សមត្ថកិច្ចបានធ្វើការវាស់វែងយកមករក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់៕