ខេត្តសៀមរាប៖ ស្រ្តីម្នាក់បានយកខោអាវទៅដាក់ក្នុងម៉ាស៊ីនបោកខោអាវ តែអកុសលស្រាប់តែមានស៊ីនបោកនោះ ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆក់ស្ត្រីរូបនេះស្លាប់មួយរំពេចយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង០៨ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្រុមទី០២ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។
ស្រ្តីរងគ្រោះដែលម៉ាស៊ីនបោកខោអាវឆ្លងចរន្តឆក់ស្លាប់នេះ មានឈ្មោះម៉ុក សូភី ភេទស្រី អាយុ៥០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិកើតហេតុខាងលើ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ស្រ្តីរងគ្រោះបានប្រមូលខោអាវយកទៅដាក់ក្នុងម៉ាស៊ីនបោក ស្រាប់តែពេលនោះ ម៉ាស៊ីនបោកខោអាវឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆក់ស្លាប់មួយរំពេច ធ្វើឲ្យក្រុមគ្រួសាររន្ធត់ចិត្តជាខ្លាំង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបាន ធ្វើកោសល្យវិច័យ និងពិនិត្យសាកសព ដោយគ្មានស្លាកស្នាមអ្វីដែលជាប់ពាក់ព័ន្ធបទល្មើសអ្វីឡើយ ពោលគឺស្រ្តីរងគ្រោះពិតជាត្រូវចរន្តអគ្គិសនីឆក់ស្លាប់មែន។ ក្រោយពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕