ខេត្តកំពង់ធំ៖ រថយន្តសាំងយ៉ុងរត់ឈ្នួលដឹកអ្នកដំណើរ១គ្រឿង បានបើកបរយ៉ាងលឿនដូចហោះ ហើយខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូ១គ្រឿងយ៉ាងពេញទំហឹង បណ្តាលឲ្យយុវជន២នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ពេលបញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១២២-១២៣ ចំណុចភូមិចុងដូង ឃុំចុងចូង ស្រុកបារាយណ៍ ។


យុវជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់នេះ មានឈ្មោះមិន វណ្ណា ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិអូរអំបែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងម្នាក់ទៀត មានឈ្មោះ សាយ ភីន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិអូរអំបែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ អ្នកទាំង២ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 1K-1507 ធ្វើដំណើរពីជើងទៅត្បូង (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួននិងបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ) បានបើកបរក្នុងល្បឿនលឿនដូចហោះ លុះពេលមកដល់ចំណុចកើតហេតុ ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1O-1138 បើកដោយជនរងគ្រោះជិះឌុបគ្នាយ៉ាងពេញទំហឹងតែម្តង។


ក្រោយពេលកើតហេតុ សមត្ថកិច្ច ចុះធ្វើការវាស់វែង និងកំណតហេតុ យកយានយន្តពាក់ព័ន្ធមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីឲ្យម្ចាស់រថយន្តបង្ក ចុលខ្លួនមកធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះ និងចាត់ការតាមផ្លូវច្បាប់។
ដោយឡែក សពជនរងគ្រោះទាំង២នាក់ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕