ខេត្តសៀមរាប៖ ជនសង្ស័យជាកូនតិរច្ឆានម្នាក់ បានទាញកាំបិតខ្វែវកាប់មកលើឪពុកបង្កើតរបស់ខ្លួន បណ្តាលឲ្យដាច់.ក ស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម ខណៈដែលជនរងគ្រោះជាឪពុកកំពុងសម្រាកនៅក្រោមផ្ទះ។ ហេតុការណ៍គួរឲ្យតក់ស្លុតនេះ បានកើតឡើងនៅវេលាម៉ោង១៥ និង៣០នាទីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិភ្នំដី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ។
លោកវរសេនីយ៍ឯក អ៊ុន ស្រស់ អធិការនគរបាលស្រុកស្រីស្នំ បានឲ្យដឹងថា ជនសង្ស័យដែលយកកាំបិតផ្គាប់កាប់ឪពុកបង្កើតខ្លួនឯងដាច់.ក ស្លាប់នេះ មានឈ្មោះ សាន គង់ ភេទប្រុស អាយុ៣៧ ឆ្នាំ រស់នៅភូមិភ្នំដី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។


លោកអធិការបន្តថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៥និង៣០នាទី ជនសង្សយ័ឈ្មោះសាន គង់ បានយកកាំបិតខ្វែវដងឈើកាប់ទៅលើឪពុកបង្កើតឈ្មោះរៀល វឿង ភេទប្រុស អាយុ៦៦ឆ្នាំ នៅភូមិភ្នំដី ឃុំស្លែងស្ពាន ស្រុកស្រីស្នំមុខរបរ កសិករ បណ្តាលឲ្យដាច់ក ស្លាប់នៅនឹងកន្លែងតែម្តង។ បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងចុះទៅភ្លាម ធ្វើការហ៊ុពទ្ធ័ចាប់និងឃាត់ជនសង្ស័យភ្លាមៗផងដែរ។
លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា តាមការបំភ្លឺរបស់អ្នកជិតខាងនិងភរិយាជនរងគ្រោះ បានឲ្យដឹងថា ជនសង្ស័យ មុននឹងធ្វើសកម្មភាពប្រហែល៣ថ្ងៃមុន គេ(ជនសង្ស័យ)បានដើរកាប់ដើមចេកអស់ជាច្រើនដើម។ ដោយខ្លាចមានបញ្ហា ជនរងគ្រោះបានទៅស្នាក់នៅផ្ទះអ្នកជិតខាង។ តែដល់ថ្ងៃកើតហេតុពួកគាត់បានអង្គុយលេងនៅក្រោមផ្ទះ ក៏ស្រាប់តែជនសង្ស័យបានកាប់ទៅលើឪពុកបង្កើត បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង។ តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះ ត្រូវជាម្តាយបានឲ្យដឹងថាកូនគាត់ វាវិកលចរិក ប៉ុន្តែគ្មានឯកសារបញ្ជាក់នោះទេ។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យមកតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែក សពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕