ខេត្តសៀមរាប៖ ថ្មីៗនេះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មានការបង្ហោះសារ និងចែកចាយព័ត៌មានតៗគ្នាទាក់ទងករណីនាយករងរដ្ឋបាលខេត្តសៀមរាប ដែលជាកូនប្រុសលោកឃឹម ប៊ុនសុង អតីតអភិបាលខេត្តសៀមរាប បានឡើងតំណែងជាអភិបាលស្រុកបន្ទាយស្រី ទាំងក្មេងល្ហក់។


កូនប្រុសវ័យក្មេងរបស់ លោកឃឹម ប៊ុនសុង អតីតអភិបាលខេត្តសៀមរាប ដែលគេស្គាល់ថា លោកឃឹម ហ្វីណង់ មានតួនាទីជានាយករងរដ្ឋបាលសាលាខេត្តសៀមរាប ត្រូវបានសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីសម្រេចតែងតាំងជា អភិបាលស្រុកបន្ទាយស្រី ជំនួសលោកណុប វុធ្ធី ដែលត្រូវបានឲ្យទៅបម្រើការងារនៅសាលាខេត្តសៀមរាប វិញ ។
ក្រៅពីការតែងតាំងលោកឃឹម ហ្វីណង់ ជាអភិបាលស្រុកបន្ទាយស្រីថ្មី ក៏មានការតែងតាំងអភិបាលស្រុក ចំនួន៤ស្រុកផ្សេងទៀត នៃខេត្តសៀមរាប ក្នុងនោះមានស្រុកពួក ស្រុកវ៉ារិន ស្រុកស្រំស្នំ ស្រុកស្វាយលើ ។


ទោះយ៉ាងណា ក៍មានមតិមួយចំនួនបានលើកឡើងថា ការតែងតាំងលោកឃឹម ហ្វីណង់ ដែលនៅមានវ័យក្មេងនៅក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរនោះ ជាអភិបាលស្រុកបន្ទាយស្រី នេះ ប្រជាពលរដ្ឋ សង្ឃឹមថា លោកនឹងខិតខំប្រឹងប្រែង បម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់ និងដឹងទុក្ខលំបាករបស់ពួកគាត់៕