រាជធានីភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦​កញ្ញា​នេះ រថយន្តក្រុង (City Bus) ចំនួន​១២០​គ្រឿង របស់​សាលា​រាជធានី​ភ្នំពេញ បាន​ចាប់ផ្តើម​ដឹក​ជញ្ជូន​អ្នកដំណើរ ដោយ​ឥត​គិតថ្លៃ ចេញដំណើរ​ពី​ភ្នំពេញ ទៅ​តាម​បណ្តា​ខេត្ត​នានា ព្រមទាំង​មក​ពី​តាម​បណ្តា​ខេត្ត​នានា ចូល​មក​ភ្នំពេញ​វិញ ផង​ដែរ​ទៅ​តាម​ចំណត​ដែល​បាន​កំណត់​ទុក ។

ជា​ការ​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ជូន​បង​បងប្អូន​ប្រជាពលរដ្ឋ នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ ដោយ​មិន​បង់ប្រាក់​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​៣០ ខែកញ្ញា ឆ្នាំ​២០១៩ ទៅ​-​មក រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា ។

ដើម្បី​ផ្តល់​ជូន​នូវ​ភាព​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ការ​ជិះ​រថយន្តក្រុង​នោះ មាន​ដូច​ខាងក្រោម ៖

-​ទីតាំង​ចំណត សម្រាប់​ឡើង​ជិះ​រថយន្តក្រុង ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ និង​លេខ​២ អ្នក​ធ្វើ​ដំណើរ នៅ​ភ្នំពេញ អាច​ឡើង​រថយន្ត​នៅ​ផ្លូវ​៦០​ម៉ែត្រ ។

-​ទីតាំង​ចំណត សម្រាប់​ឡើង​ជិះ​រថយន្តក្រុង ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ និង​លេខ​៤ អ្នក​ធ្វើ​ដំណើរ នៅ​ភ្នំពេញ អាច​ឡើង​រថយន្ត​នៅ​ស្ថានីយ ចំណតរថយន្ត​ផ្លូវ ២០០៤ ជាប់​របង​បញ្ជាការដ្ឋាន​កងទ័ពអាកាស ។

-​ទីតាំង​ចំណត សម្រាប់​ឡើង​ជិះ​រថយន្តក្រុង ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ អ្នក​ធ្វើ​ដំណើរ នៅ​ភ្នំពេញ​អាច​ឡើង​រថយន្ត​នៅ​សួន​ឫស្សី​កែវ ។
-​ទីតាំង​ចំណត សម្រាប់​ឡើង​ជិះ​រថយន្តក្រុង ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៦ អ្នក​ធ្វើ​ដំណើរ នៅ​ភ្នំពេញ​អាច​ឡើង​រថយន្តក្រុង​នៅ​រង្វង់​មូល​ទេព​មច្ឆា ជ្រោយចង្វារ ។

-​ចំណែកឯ ទីតាំង​ចំណត សម្រាប់​ឡើង​ជិះ​រថយន្តក្រុង ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៦ លេខ​៧ និង​លេខ​៦ លេខ​៨ ដែល​ទៅ​ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹង​ត្រែង អាច​ឡើង​ឡាន នៅ​រ៉ា​រទេះភ្លើង ជិត​សាលា​រាជធានី​ភ្នំពេញ ៕