ខេត្តកណ្តាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកជាមួយម៉ូតូ បណ្ដាលឲ្យស្លាប់ និងរងរបួសមនស្ស ២នាក់ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចច្រកចូលបុរីស្វាយរលំ លើផ្លូវជាតិលេខ២១ ស្ថិតភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។


ជនរងគ្រោះបាត់បង់ជីវិតជាអ្នកបើកម៉ូតូ ឈ្មោះ គុណ វិចិត្រ ភេទប្រុស អាយុ៣៨ឆ្នាំ ជាមន្រ្តីយោធា ពាក់ស័ក្កិ២ រស់នៅភូមិពានិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងអ្នករួមដំណើរពីក្រោយ ឈ្មោះ ហួន ស្រីពេជ ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិបឹងទំពន់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រងរបួសស្រាល។


មុនពេលកើតហេតុ រថយន្តបង្ក ម៉ាក KIA COSMOS ពណ៌សលាយបៃតង ពាក់ស្លាកលេខ ភ្នំពេញ 3B-6223 ធ្វើដំណើរពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ បានបើកឆ្លងផ្លូវ ពេលនោះមានម៉ូតូ១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1H-8502 ទិសដៅពីត្បូងទៅជើង បុកចំកង់ខាងក្រោយ បង្កឲ្យអ្នកបើកម៉ូតូស្លាប់ និងអ្នករួមដំណើរម្នាក់ រងរបួសស្រាល។ ឯអ្នកបើករថយន្ត មិនស្គាល់អត្តសញ្ញាណបានចុះរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែង និងយកវត្ថុតាងទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត រង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ ។ ដោយទ្បែកអ្នករបួសត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។ ចំណែកសពប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕