ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីធ្វើសកម្មភាពយកកូនកាំបិតចុងស្រួចភ្ចុងប្លន់យកម៉ូតូនិងទូរស័ព្ទដៃពីយុវតីម្នាក់នៅវិទ្យាល័យចាក់អង្រែ លទ្ធផលមិនបានសម្រេច បានត្រឹមសមត្ថកិច្ចចាប់ដាក់ខ្នោះ។


ករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង ៣០នាទីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៩ នៅបរិវេណវិទ្យាល័យចាក់អង្រែក្រោម ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ជនសង្ស័យឈ្មោះ ឡៅ ម៉េងលាង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិអូណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងមានទីលំនៅក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោក។
ចំណែកយុវតីរងគ្រោះមានឈ្មោះ គង់ រក្សា អាយុ១៨ឆ្នាំ មុខរបរជាសិស្សស្នាក់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។


យុវតីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបនាងបានជិះម៉ូតូចេញពីផ្ទះសំដៅមកវិទ្យាល័យចាក់អង្រែក្រោម បំណងទៅយកសៀវភៅតាមដានដើម្បីយកទៅដាក់នៅក្រសួងអប់រំយុវជននិងកីឡា ដើម្បីសុំអាហារូបករណ៍ ។ ខណៈមកដល់វិទ្យាល័យ រូបនាងបានបើកទូរសព្ទមើលឃើញមិត្តភក្កិបានឆាតមកប្រាប់ថា ថ្ងៃនេះគ្រូមិនបានរៀនទេ រូបនាងក៍បានឡើងជិះម៉ូតូបំណងត្រឡប់មកផ្ទះវិញ ស្រាប់តែជនសង្ស័យបានយកកាំបិតចុងស្រួចមកភ្ជង់ចង្កេះនាង ហើយប្រាប់ឲ្យនាងប្រគល់ទូរស័ព្ទ និងប្រគល់ម៉ូតូឲ្យគេ តែពេលនោះ ប្រជាពលរដ្ឋបានឃើញ ក័ស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ ក៏ទម្លាក់កាំបិត និងទូរសព្ទចោល ហើយរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចដែលឈរការពារនៅតាមផ្លូវដេញចាប់ឃាត់ខ្លួនបានតែម្ដង។


នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ដោយសារតែរូបគេទាល់លុយខ្លាំងពេក ទើបដាច់ចិត្តធ្វើសកម្មភាពប្លន់យកទូរស័ព្ទដៃម៉ូតូរបស់យុវតីរងគ្រោះបែប។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕