ភ្នំពេញ ៖ ជនម្នាក់មិនដឹងជាខឹងរឿងអ្វីទេ បានដកកាំភ្លើងបាញ់មេឃចំនួន២គ្រាប់ លេងកុំឲ្យស្ងាត់ពេក រួចបើករថយន្តគេចខ្លួនបាត់។ ហេតុការណ៍ផ្ទុះអាវុធនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង២យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅខាងក្រោយមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) នៅតាមបណ្ដោយផ្លូវ២៦៥ កែងផ្លូវលេខ១៥០ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង មិនចាំម៉ាក បានបើកតាមបណ្ដោយផ្លូវ២៦៥ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែដកកាំភ្លើងបាញ់មេឃចំនួន២គ្រាប់ រួចបន្ថែមល្បឿនបើករថយន្តគេចរត់ទៅបាត់ស្រមោលតែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចធ្វើការគូសកំណត់អត្តសញ្ញា និងយកសំបកគ្រាប់ ដើម្បីស្រាវជ្រាវតាមរកជនដែលបានបាញ់បោះយ៉ាងអនាធិបតេយ្យនៅទីសាធារណៈ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ តែពលរដ្ឋនៅទីនោះមិនសូវមានជំនឿងថា សមត្ថកិច្ចតាមចាប់ខ្លួនខ្មាន់កាំភ្លើងនេះ នាំមកចាត់ការតាមផ្លូវច្បាប់បានទេ៕