ភ្នំពេញ ៖ កាលពីវេលាម៉ោង៧ និង១០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅចំណុចបន្ទប់ជួលលេខ១ ស្ថិតក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ដោយបុរសម្នាក់បានចាប់ ស្រីស្នេហ៍របស់ខ្លួនអារ.ក បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ រួចអារ.កខ្លួនឯងតាមក្រោយ។


ស្ត្រីរងគ្រោះដែលត្រូវប្រុសស្នេហ៍ចាប់អារ.កសម្លាប់នេះ មានឈ្មោះយិត ធិញ អាយុ៤២ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិថ្មី ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ។ ចំណែក ជនកំណាចជាប្រុសស្នេហ៍ និងឃាតករឈាមខ្មៅនេះ មានឈ្មោះយា រិត អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងបន្ទាប់ជាមួយគ្នា និងមានស្រុកកំណើតនៅភូមិរមាំងត្រេត ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកញ្ញា មុនពេលកើតហេតុ គេឮសំឡេងស្រ្តីរងគ្រោះ និងគូស្នេហ៍(ជនដៃដល់) បានឈ្លោះគ្នា តែមិនដឹងថា ផ្តើមចេញពីរឿងអ្វីនោះទេ ។ លុះមកដល់វេលាម៉ោងកើតហេតុ ស្រាប់តែជនដៃដល់ជាប្រុសស្នេហ៍បានផ្ទុះភ្លើងអាឃាត ដោយចាប់ស្ត្រីរងគ្រោះជាគូស្នេហ៍អារ.កគ្មានញញើតដៃ បណ្តាលឲ្យស្រ្តីរងគ្រោះប្រកាច់ស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ រួចហើយជនមដៃដល់ជាឃាតករបានអារ.កខ្លួនឯងតាមក្រោយ តែសំណាងល្អមិនស្លាប់ ព្រោះមានអ្នកដឹងទាន់ ហើយបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។


ក្រោយពេលកើតហេតុ បានចុះអន្តរាគមន៍ ធ្វើកំណត់ហេតុ រួចរាល់បានប្រគល់សពស្ត្រីរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ។ ចំណែក ជនសង្ស័យជាឃាតករ ក្រុមគ្រូពេទ្យកំពុងជួយសង្រ្គោះនៅឡើយ តែសមត្ថកិច្ច បានដាក់កម្លាំងនៅយាមកាមយ៉ាងយកចិត្តទុកដាក់ រហូតជនសង្ស័យបានរួចផុតពីសេចក្តីស្លាប់ ទើបសមត្ថកិច្ចធ្វើការសាកសួរពីមូលហេតុ នៃអំពើឃាតកម្មនេះ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ព័ត៌មានលម្អិតយ៉ាងណានោះ «KBN» នឹងផ្សាយជូនតាមក្រោយទៀត៕