ខេត្តកណ្តាល៖ កាលពីវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ប្រជាពលរដ្ឋបានប្រទះឃើញសពស្ត្រីម្នាក់មានសភាពហើមអណ្តែតទឹកទន្លេ នៅចំណុចដងទន្លេតូច ភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់កម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនដំបូង មានប្រជាពលរដ្ឋ ឈ្មោះឡេង សារឿន ភេទស្រីអាយុ៤៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ បានឈរមើលមាត់ច្រាំងទន្លេ កន្លែងដាំបន្លែ ហើយបានប្រទះឃើញសាកសពអណ្តែតទឹកនៅក្បែរមាត់ច្រាំងទន្លេ ហើយក៏រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះចិន។ បន្ទាប់មកសមត្ថកិច្ចជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលកោះចិន ដោយមានការចូលរួមពី ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ ធ្វើការពិនិត្យសាកសព។


តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ សាកសពជនរងគ្រោះ ជាមនុស្សស្រីអាយុប្រហែលជាង៤០ឆ្នាំ មានសភាពហើមស្អុយពាក់អាវដៃវែង ពណ៌ក្រហមមានផ្កា ស្លៀកខោជើងវែងពណ៌ក្រហម មានកម្ពស់១,៦៥ម៉ែត្រ មានពាក់ខ្សែចង្កេះពណ៌ស គាថា និងមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ គឺជនរងគ្រោះស្លាប់ដោយសារលង់ទឹក។
ក្រោយពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពជូនអាជ្ញាធរភូមិ ឃុំធ្វើបុណ្យតាមប្រពៃណី ហើយបើពលរដ្ឋណាបានបាត់បង់សមាជិកគ្រួសារដូចភិនភាគខាងលើ សូមមកទាក់ទងអាជ្ញាធរមូលដ្ឋានខាងលើ៕