ភ្នំពេញ ៖ លោកតាអាចារ្យវត្តកៀនស្វាយក្នុងម្នាក់ ខណៈពេលដែលជិះម៉ូតូដើរចែកសំបុត្របុណ្យកឋិន ហើយឆ្លងផ្លូវជាតិ មិនចាប់អារម្មណ៍រឿងគ្រោះថ្នាក់ ស្រាប់តែមានយុវជន២នាក់ បើកម៉ូតូ១គ្រឿងឌុបគ្នា បោះពួយយ៉ាងលឿន គេចមិនទាន់ ក៏បុកយ៉ាងពេញទំហឹង បណ្តាលឲ្យដួលបោកជាមួយថ្នល់ស្លាប់នៅនឹងកន្លែងគួរឲ្យសង្វេគ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ចំណុចមុខវត្តព្រះច័ន្ទរង្សី ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
លោកតាដែលស្លាប់ក្នុងគ្រោះថ្នាក់នេះ មានឈ្មោះ ស៊ីវ គឹមយៀន អាយុ ៧៣ឆ្នាំ ជាអាចារ្យវត្តកៀនស្វាយក្នុង ស្នាក់នៅក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។ ចំណែកយុវជន២នាក់ទៀត មិនទាន់ស្គាល់ឈ្មោះទេ រងរបួសធ្ងន់កំពុងសម្រាកនៅមន្ទីរពេទ្យ ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញតាអាចារ្យរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ ១HN-៩៨៤០ ដើរចែកសំបុត្របុណ្យកឋិនម្នាក់ឯង ចេញពីខ្លោងទ្វារវត្តព្រះច័ន្ទរង្សីឆ្លងផ្លូវជាតិលេខ១ បានពាក់កណ្ដាលផ្លូវ ស្រាប់តែមានយុវជន២នាក់ បើកម៉ូតូម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ តាកែវ 1T-8703 ធ្វើដំណើតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន មកដល់ជាន់ហ្វ្រាំងឈប់មិនទាន់គេច មិនផុតបានជ្រុលទៅបុកម៉ូតូតាអាចារ្យពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ ចំណែកយុវជនទាំង២នាក់ បានរងរបួសធ្ងន់ ដេកដួលឲ្យរដូករណែលនៅកន្លែងកើតហេតុ។


ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ជួយទាក់ទងហៅរថយន្តសង្គ្រោះមកដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួសសង្គ្រោះជីវិត។ បន្ទាប់មក ធ្វើការវាស់វែង និងកំណត់ហេតុ យកម៉ូតូ២គ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។
ដោយឡែក សពលោកតាអាចារ្យរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅលំនៅឋាន ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីទាំងក្តៅសោកសៅជាពន់ពេក៕