ភ្នំពេញ ៖ រថយន្តស៊េរីទំនើប១គ្រឿងបានបើកបោះពួយយ៉ាងលឿនដូចហោះ មិនដឹងជាប្រញាប់ទៅជួបអ្នកណាឡើយ លុះមកដល់ចំណុចផ្លូវកោងបួងចង្កូតមិនទាន់ ក៏ជ្រុលចង្កូតបុកទម្លុះទម្លាយរបងអង់តែនស្ថានីយទូរទស្សន៍ជាតិ ធ្លាយពីម្ខាងទៅម្ខាងទៀត រងការខូចខាតយ៉ាងដំណំ រីឯរថយន្តក៏ខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរដូចគ្នាដែរ។
ហេតុការណ៍នេះ បានកើតឡើង និងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២៧៣ ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តស៊េរីទំនើប ម៉ាកអូឌីA7 ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BA-8792 ធ្វើដំណើរពីកើតទៅលិចយ៉ាងលឿនដូចហោះមិនដឹងជាប្រញាប់ទៅណា លុះមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោង បួចចង្កូតមិនទាន់ ជ្រុលទៅបុកទម្លុះទម្លាយរបងអង់តែនស្ថានីយទូរទស្សន៍ជាតិពេញទំហឹង បណ្តាលធ្លាយពីម្ខាងទៅម្ខាង តែសំណាងល្អ មិនបណ្តាលឲ្យមនុស្សណាម្នាក់មានគ្រោះថ្នាក់ទេ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុ ហើយមានតំណាងខាភាគីរថយន្តបង្ក បានមកធ្វើការសម្របសម្រួល ជាមួយខាងភាគីម្ចាស់របងអង់តែនស្ថានីយទូរទស្សន៍ជាតិ ដើម្បីបញ្ចប់រឿង ដោយសំអាងថា ហេតុការណ៍នេះ មិនបណ្តាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ ឬបាត់បង់ជីវិត៕