ភ្នំពេញ៖ មនុស្សប្រុសស្រីមានគ្នា៥ទៅ៦នាក់ ដោយស្រវឹងស្រឿងៗផងនោះ បានទៅផឹកស៊ីក្នុងហាង KTVយីហោដេអិន ហើយបានហៅនារីជាបុគ្គលិកឲ្យមកអង្គុយ តែមិនទាន់បានកំដរផង ស្រាប់តែទាស់សម្ដីគ្នា រហូតឈានដល់ប្រើហិង្សាវាយទៅលើនារីជាអ្នកកំដរម្នាក់រងរបួស បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលមូលដ្ឋានចុះមកឃាត់ខ្លួនបុរស២នាក់ យកទៅសាកសួរ ។


ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្នុងហាង KTVយីហោដេអិន តាមបណ្ដោយផ្លូវនេរុហ៍ ក្នុងសង្កាត់ដេប៉ូ៣ ខណ្ឌទួលគោក ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមនុស្សប្រុសស្រីមានគ្នា៥ទៅ៦នាក់ ក្នុងសភាពស្រវឹងស្រឿងៗ បាននាំគ្នាទៅផឹកស៊ីក្នុងហាង KTVយីហោដេអិន និងបានហៅនារីៗ ជាអ្នកកំដរឲ្យមកអង្គុយ តែមិនទាន់បានកំដរផង ស្រាប់តែទាស់សម្ដីគ្នា រហូតឈានដល់ប្រើហិង្សាវាយទៅលើនារីជាអ្នកកំដរម្នាក់រងរបួស ហើយភ្លាមនោះធ្វើឲ្យនារីខាងលើខឹង ក៏យកកែវស្រាគប់ទៅភ្ញៀវ ឃើញដូចច្នោះភ្ញៀវបានព្រួតគ្នាវាយទៅលើនារីរូបនោះវិញ បណ្ដាលឲ្យរងរបួសផងដែរ ។


ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកឃាត់ខ្លួនបុរស២នាក់ជនដៃដល់ និងនារីរងគ្រោះ នាំទៅប៉ុស្តិ៍ផ្សារដេប៉ូទី៣ ដើម្បីសួរនាំ ហើយភាគីទាំងសងខាងមិនចង់មានរឿងវែងឆ្ងាយ ក៏បានធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងតែម្ដង ដោយភាគីបង្កព្រមសងថ្លៃថ្នាំបន្តចបន្តួច ៕