ភ្នំពេញ៖ លោក ទេព ធីរិទ្ធ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ ត្រូវបានក្រសួងយុត្តិធម៌ ចេញប្រកាសដាក់ពិន័យបណ្តេញចេញពីក្របខណ្ឌ ហើយ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឱ្យដឹងថា ការសម្រេចបណ្តេញលោក ទេព ធីរិទ្ធ អត្តលេខ ១៧០០៧០០៤១៨ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ ចេញពីក្របខណ្ឌក្រសួងយុត្តិធម៌នេះ ធ្វើឡើងតាមការសម្រេចរបស់ក្រុមប្រឹក្សាវិន័យ ដែលបានរកឃើញថា ក្រឡាបញ្ជីរូបនេះ បានប្រព្រឹត្តខុសបទវិន័យធ្ងន់ធ្ងរ កន្លងមក។
កន្លងមក លោក ទូច ថារិទ្ធិ អ្នកនាំពាក្យសាលាឧទ្ធរណ៍និងមហាអយ្យការ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ថា ឈ្មោះ ទេព ធីរិទ្ធ ជាអតីតក្រឡាបញ្ជីសាលាឧទ្ធរណ៍ ត្រុវបានបញ្ឈប់ពីការងារកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ មកម្ល៉េះ ហើយឈ្មោះនេះនៅតែឆ្លៀតយកតួនាទីជាក្រឡាបញ្ជីទៅប្រព្រឹត្តអំពើខុសឆ្គង ។


ជាមួយគ្នានេះបើយោងតាមសេចក្តីជូនដំណឹងស្តីពី “កិច្ចប្រជុំលើកទី៤៨ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបញ្ជាក់យ៉ាងច្បាស់ថា “ករណីវីតិក្រមប្រព្រឹត្តដោយឈ្មោះ ទេព ធីរិទ្ធ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ ។ ក្រឡាបញ្ជីរូបនេះកំពុងស្ថិតនៅក្របខ័ណ្ឌសាលាឧទ្ធរណ៍ មិនមែនអតីតក្រឡាបញ្ជីដូចការផ្សាយមួយចំនួននោះទេ” ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី “កិច្ចប្រជុំលើកទី៤៨ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ” ។


ទោះបីយ៉ាងណា សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួនឈ្មោះ ទេព ធីរិទ្ធ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ បញ្ជូនមកតុលាការ ។ ប៉ុន្តែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ប៊ុន ពៅ សម្រេចមិនឃុំខ្លួនជនត្រូវចោទ ទេព ធីរិទ្ធ តែដាក់អោយស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ពីបទ “វិតិក្រម” ។


យោងតាមក្រមព្រហ្មទណ្ឌនៃកម្ពុជា មាត្រា៥៩២ វីតិក្រម គឺជាអំពើរបស់អ្នករាជការសាធារណៈ ឬ ពលរដ្ឋទទួលអាណត្តិ សាធារណៈដោយការបោះឆ្នោត ដែល ៖
១-ទាមទារ ឬ ទទួល ជាសិទ្ធិ ជាពន្ធ ជាអាករ នូវចំនួនប្រាក់ដែលខ្លួនបានដឹងថាមិនត្រូវបង់ ឬ ដែលលើសពីចំនួនដែលគេត្រូវបង់។
២-យល់ព្រមក្រោមរូបភាពណាមួយ និងដោយមូលហេតុណាមួយក៏ដោយ ធ្វើការលើកលែង ឬ ការលោះលាចំពោះការបង់ពន្ធ ឬ អាករដែលខ្លួនដឹងថាខុសច្បាប់។
ទោសដែលត្រូវអនុវត្ត មាត្រា៥៩៣ បទវីតិក្រម ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យ ជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល ៕