ភ្នំពេញ៖ បុរសរត់ម៉ូតូឌុបម្នាក់ចូលនោមក្នុងដីឡូត៍ទុកចោលមួយកន្លែង ស្រាប់តែប្រទះឃើញសពបុរសម្នាក់ចងកសម្លាប់ខ្លួនធុំក្លិនស្អុយ នៅក្នុងទូរកុងតឺន័រ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៩ នៅចំណុចដីឡូត៍ទុកចោលមួយកន្លែង តាមផ្លូវសុធារស ស្ថិតនៅភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។


សពមានឈ្មោះ ម៉ៅ ប៊ុន ធឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។
មុនពេលកើតហេតុ បុរសអ្នករត់ម៉ូតូម្នាក់ បានចូលទៅក្នុងដីឡូត៍ទុកចោលដើម្បីនោម តែមិនទាន់បាននោមផង ក៏មានក្លិនស្អុយ ក្រឡេកមើលចុះឡើង ក៏ឃើញសពបុរសម្នាក់ចងកសម្លាប់ខ្លួនក្នុងទូរកុងតឺន័រទុកចោលមួយ ក៏ភ្ញាក់ស្លន់ស្លោរត់ចេញមកខាងក្រៅ រួចទៅប្ដឹងសមត្ថកិច្ចមូលដ្ឋានតែម្ដង។


កម្លាំងនគរបាលមូលដ្ឋាន បានសហការជាមួយកម្លាំងនគរបាលការិយាល័យបច្ចេកទេសកោសល្យវិច័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យសព រួចសន្និដ្ឋានថា ជាករណីអត្តឃាត និងប្រគល់សពឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕