ភ្នំពេញ ៖ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ លោក​ចៅក្រម​ស៊ើបសួរ សេង រិ​ទ្ធី បាន​សម្រេច​ឃុំខ្លួន​សមាជិក​ក្រុមប្រឹក្សា​នីតិកម្ម​នៃ​ក្រសួងមហាផ្ទៃ​ម្នាក់ ដាក់​ពន្ធនាគារ​ព្រៃ​ស ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​សំណុំរឿង​ឆបោក ប្រាក់​២​ម៉ឺន​ដុល្លារ ក្នុង​ការ​រត់ការ​ចូល​ក្រប​ខណ្ឌ​នគរបាល​ជាតិ ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​២០១៧ ។

ជនជាប់ចោទ​ឈ្មោះ ហុ​ក គី​ម​សាយ អាយុ​៥០​ឆ្នាំ​មាន​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​នីតិកម្ម នៃ​ក្រសួងមហាផ្ទៃ​ស្នាក់​នៅផ្ទះ​លេខ ២៧ ផ្លូវ ៣៩០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​តាម​ដីកា​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

សូម​រម្លឹក​ថា កាលពី​អំឡុង​ឆ្នាំ​២០១៧ ជនសង្ស័យ​បាន​ឆបោក​លុយ​បុរស​ម្នាក់​ឈ្មោះ ម៉ែ​ន ច័ន្ទ​វាសនា ចំនួន​២​ម៉ឺន​ដុល្លារ ដោយ​សន្យា​ថា នឹង​ជួយ​រត់ការ​ឲ្យ​បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​នគរបាល​ជាតិ ប៉ុន្តែ​ក្រោយ​ពី​ទទួល​បាន​លុយ​ពី​ជន​រង​គ្រោះ ជនសង្ស័យ​មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​តាម​កិច្ចសន្យា​នោះ​ទេ មិនតែប៉ុណ្ណោះ​ជន​នេះ បាន​ព្យាយាម​បិទ​ទូរស័ព្ទ គេចវេះ​ពី​ការ​ទទួលខុសត្រូវ ។ ជនជាប់ចោទ រត់ការ​មិន​បាន​សម្រេច និង​មិន​ព្រម​ប្រគល់​លុយ​ឲ្យ​ជន​រង​គ្រោះ​វិញ​នោះ​ទេ ទើប​ជន​រង​គ្រោះ​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​ដោយ​ចោទប្រកាន់​ពី​បទ​ឆបោក ។

នៅ​ក្នុង​សវនាការ ជនជាប់ចោទ​ឈ្មោះ ហុ​ក គី​ម​សាយ បាន​សារភាព​ថា គាត់​បាន​ប្រព្រឹត្ត​អំពើ​នោះ​ដូច​ការ​ចោទប្រកាន់ ពិតប្រាកដ​មែន​! ប៉ុន្តែ​ប្រាក់​ទាំងនោះ រូប​គាត់​ទទួល​បាន​តែ ៣,០០០​ដុល្លារ​ប៉ុណ្ណោះ ចំណែក​ប្រាក់​នៅ​សល់​ពី​នោះ​ចំនួន ១៧,០០០ ដុល្លារ​ទៀត គាត់​បាន​ប្រគល់​ទៅ​ឲ្យ​កូនលោក​ធំ​ម្នាក់​ទៀត ជួយ​រត់ការ​បន្ត ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ មហាជន​រង​ចាំ​មើល​ថា តើ​ក្រុម​សមត្ថកិច្ច​នឹង​បន្ត​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​វែកមុខ​រក​ជន​ពាក់ព័ន្ធ នាំ​យក​មក​ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់ ដែរ​ទេ ?​