ភ្នំពេញ៖ រុស្ស៊ីដែលជាប្រទេសធំជាងនៅគេលើពិភពលោកនោះ បានទទួលសំណើក្នុងការជួយជំរុញការតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា និងសហការជាមួយកម្ពុជាក្នុងការផ្សព្វផ្សាយ ពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារក្នុងប្រទេសរបស់ខ្លួន សំដៅរុញកំណើនទេសចររុស្ស៊ី និងទេសចរមកពីប្រទេសទីបីមកទស្សនាកម្ពុជាកាន់តែច្រើន។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍។

ការបញ្ជាក់យ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយប្រតិភូស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ដឹកនាំដោយលោក ឌីមីទ្រី ស្វឺតខូវ (Dmitry Tsvetkov) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជានាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

បច្ចុប្បន្នកម្ពុជាមិនទាន់មានការហោះហើរត្រង់ទៅកាន់រដ្ឋធានីមូស្គូ ឬទីក្រុងណាមួយនៅចុងបូព៌ាមកកាន់កម្ពុជានៅឡើយទេ ដូច្នេះហើយបានជាលោករដ្ឋមន្ត្រី ថោង ខុន ស្នើទៅកាន់លោកឯកអគ្គរដ្ឋទូតរុស្ស៊ី ធ្វើយ៉ាងណាជំរុញការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុង វ្ល៉ាឌីវ៉ូស្តុក(Vladivostok) ឬពីទីក្រុងណាមួយរបស់រុស្សីមកកាន់កម្ពុជា ដែលមានរយៈចម្ងាយខ្លីជាងមកពីមូស្គូ ដើម្បីជំរុញកំណើនទេសចររុស្ស៊ី មកកម្ពុជា។

ជាការឆ្លើយតប ទូតរុស្ស៊ីបានទទួលយកសំណើទាំងនេះយ៉ាងពេញចិត្ត ប៉ុន្តែក៏បានស្នើមកកម្ពុជាវិញដែរ ដោយសហការជាមួយរុស្ស៊ីឲ្យបានជិតស្និទ្ធដើម្បីឲ្យកិច្ចសហប្រតិបត្តិការនេះ ដំណើរការទៅប្រកបដោយផ្លែផ្កា។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន បានស្នើភាគីរុស្ស៊ីរៀបចំដំណើរទស្សនកិច្ចកសិទេសចរណ៍ (Farm Trip) នៅកម្ពុជា សម្រាប់ប្រតិភូ និងអ្នកសារព័ត៌មានមកពី រុស្ស៊ីឲ្យបាន២ដងក្នុងមួយឆ្នាំ ដើម្បីបង្កើនការផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងគោលដៅទេសចរណ៍របស់កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍រុស្ស៊ីឲ្យបានច្រើនឡើង និងស្នើភាគី រុស្ស៊ីជួយសហការរៀបចំ ព្រឹត្តិការណ៍ទេសចរណ៍ ដំណើរកម្សាន្តផ្សេងៗនៅកម្ពុជាឱ្យបានញឹកញាប់ផងដែរ។

សូមជម្រាបថា នៅឆ្នាំ២០១៨ កន្លងទៅ កម្ពុជាទទួលបានទេសចររុស្ស៊ីប្រមាណជិត ៦៥,០០០នាក់ និងនៅរយៈពេល៧ខែ ឆ្នាំ២០១៩នេះ ទេសចររុស្ស៊ីបានមកទស្សនា កម្ពុជា៣៤,០០០នាក់។ ក្នុងចំណោមតំបន់អាស៊ាន ប្រទេសថៃ វៀតណាម ឥណ្ឌូនេស៊ី (ពិសេសកោះបាលី) ជាប្រទេសទទួលបានទេសចររុស្ស៊ីច្រើនជាងគេ ។ កម្ពុជាសង្ឃឹមថានឹងទទួលបានទេសចររុស្ស៊ីបន្ថែមទៀត តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់មកខេត្តសៀមរាប និងតំបន់ឆ្នេរ ក៏ដូចជារាជធានីភ្នំពេញ ៕