ភ្នំពេញ៖ ជនសង្ស័យម្នាក់ជិះម៉ូតូមកឡើងផ្លោះរបងឡើងផ្ទះគេលួចទ្រព្យសម្បត្តិ ខណៈកំពុងរើកកកាយស្រាប់តែម្ចាស់ផ្ទះមកទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១៣និង០០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ចំណុចបន្ទប់ជួលលេខ៨ ផ្ទះលេខ៦៣ ផ្លូវបេតុងភូមិព្រៃសាលា សង្កាត់កាកាបទី២. ខណ្ឌពោធិ៍សែនជ័យ។


ជនសង្ស័យមានឈ្មោះ ហ៊ុ រាជ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិថ្កូវ ឃុំជីខ្នារ ស្រុកទ្រាំង ខេត្តតាកែវ។ ដកហូតម៉ូតូមួយគ្រឿងម៉ាក ស្មាស់រីវ៉ូ ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ចាម 1M-0905។


ជនរងគ្រោះមានឈ្មោះ រឿន ចន្នី ភេទប្រុសអាយុ៤៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ៦៣ ផ្លូវបេតុងភូមិព្រៃសាលា សង្កាត់កាកាបទី២. ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីជនរងគ្រោះជាម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចូលសម្រាន្តនៅក្នុងផ្ទះខាងក្រោម ។ លុះមកបន្ដិចក្រោយមក ក៏មានអ្នកជិតខាងបានមកប្រាប់ថា ឃើញមានជនសង្ស័យម្នាក់ជិះម៉ូតូមកឈប់ រួចផ្លោះរបងចូលឡើងទៅលើផ្ទះជាន់ទី២បាត់។ ភ្លាមៗនោះ រូបគាត់ក៏បានឡើងទៅមើល ក៏ឃើញទ្វារចំហរ រូបគាត់ចូលទៅក៏ឃើញជនសង្ស័យ និងឥវ៉ាន់នៅរាយប៉ាយ ក៍ឃាត់ខ្លួនជនសង្ស័យប្រគល់ជូនសមត្ថកិច្ចនគរបាលតែម្តង។
ជនសង្ស័យ ត្រូវបានបញ្ចូនទៅកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕